16. នៅពេលល្ងាចលោកយ៉ាកុបវិលត្រឡប់មកពីចម្ការវិញ លោកស្រីលេអាក៏រត់ទៅទទួល ហើយពោលថា៖ «យប់នេះ បងត្រូវសម្រាន្តជាមួយខ្ញុំ ដ្បិតខ្ញុំបានយកផ្លែស្នេហ៍របស់កូនខ្ញុំមកដូរជាថ្នូរហើយ»។ ដូច្នេះ លោកយ៉ាកុបក៏រួមដំណេកជាមួយគាត់នៅយប់នោះទៅ។
17. ព្រះជាម្ចាស់បានប្រោសប្រណីលោកស្រីលេអា គឺគាត់មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយទៀត ជាកូនទីប្រាំជូនលោកយ៉ាកុប។
18. គាត់ពោលថា៖ «ព្រះជាម្ចាស់ប្រទានរង្វាន់ឲ្យខ្ញុំ ព្រោះខ្ញុំបានយកស្រីបម្រើមកជូនប្ដីខ្ញុំ»។ គាត់ដាក់ឈ្មោះកូននោះថា“អ៊ីសាខារ”។
19. លោកស្រីលេអាមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនប្រុសមួយទៀត ជាកូនទីប្រាំមួយ ជូនលោកយ៉ាកុប
20. លោកស្រីលេអាពោលថា៖ «ព្រះជាម្ចាស់ប្រទានអំណោយដ៏ល្អមួយមកឲ្យខ្ញុំ លើកនេះ ប្ដីរបស់ខ្ញុំមុខជាផ្ដល់កិត្តិយសឲ្យខ្ញុំមិនខាន ដ្បិតខ្ញុំបានបង្កើតកូនប្រុសប្រាំមួយនាក់ជូនគាត់»។ គាត់បានដាក់ឈ្មោះកូននោះថា“សាប់យូឡូន”។
21. បន្ទាប់មក គាត់សម្រាលបានកូនស្រីមួយ ដែលគាត់ដាក់ឈ្មោះថា «ឌីណា»។