លោកុ‌ប្បត្តិ 30:15-25 Khmer Standard Version (KHSV)

15. លោក​ស្រី​លេអា​តប​ថា៖ «ឯង​យក​ប្ដី​របស់​អញ​ប៉ុណ្ណឹង​ហើយ នៅ​តែ​មិន​ល្មម​ទេ​ឬ បាន​ជា​ចង់​យក​ផ្លែ​ស្នេហ៍​កូន​អញ​ទៀត?»។ លោក​ស្រី​រ៉ាជែល​តប​វិញ​ថា៖ «ដូច្នេះ យប់​នេះ​ឲ្យ​គាត់​រួម​ដំណេក​ជា​មួយ​បង​ទៅ ទុក​ជា​ថ្នូរ​នឹង​ផ្លែ​ស្នេហ៍​កូន​របស់​បង»។

16. នៅ​ពេល​ល្ងាច​លោក​យ៉ាកុប​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ លោក​ស្រី​លេអា​ក៏​រត់​ទៅ​ទទួល ហើយ​ពោល​ថា៖ «យប់​នេះ បង​ត្រូវ​សម្រាន្ត​ជា​មួយ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​យក​ផ្លែ​ស្នេហ៍​របស់​កូន​ខ្ញុំ​មក​ដូរ​ជា​ថ្នូរ​ហើយ»។ ដូច្នេះ លោក​យ៉ាកុប​ក៏​រួម​ដំណេក​ជា​មួយ​គាត់​នៅ​យប់​នោះ​ទៅ។

17. ព្រះ‌ជាម្ចាស់​បាន​ប្រោស‌ប្រណី​លោក​ស្រី​លេអា គឺ​គាត់​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ​ទៀត ជា​កូន​ទី​ប្រាំ​ជូន​លោក​យ៉ាកុប។

18. គាត់​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​ប្រទាន​រង្វាន់​ឲ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​យក​ស្រី​បម្រើ​មក​ជូន​ប្ដី​ខ្ញុំ»។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“អ៊ីសា‌ខារ”។

19. លោក​ស្រី​លេអា​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត ជា​កូន​ទី​ប្រាំ​មួយ ជូន​លោក​យ៉ាកុប

20. លោក​ស្រី​លេអា​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​ប្រទាន​អំណោយ​ដ៏​ល្អ​មួយ​មក​ឲ្យ​ខ្ញុំ លើក​នេះ ប្ដី​របស់​ខ្ញុំ​មុខ​ជា​ផ្ដល់​កិត្តិយស​ឲ្យ​ខ្ញុំ​មិន​ខាន ដ្បិត​ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​ប្រាំ​មួយ​នាក់​ជូន​គាត់»។ គាត់​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា“សាប់យូ‌ឡូន”។

21. បន្ទាប់​មក គាត់​សម្រាល​បាន​កូន​ស្រី​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា «ឌីណា»។

22. ព្រះ‌ជាម្ចាស់​មិន​ភ្លេច​លោក​ស្រី​រ៉ាជែល​ទេ ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​គាត់ ដោយ​ប្រោស​ឲ្យ​គាត់​មាន​កូន។

23. គាត់​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ គាត់​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ដក​សេចក្ដី​អាម៉ាស់​ចេញ​ពី​ខ្ញុំ​ហើយ»។

24. គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “យ៉ូសែប” ទាំង​ពោល​ថា៖ «សូម​ព្រះ‌ជាម្ចាស់​បន្ថែម​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ​ទៀត!»។

25. ក្រោយ​ពេល​លោក​ស្រី​រ៉ាជែល​សម្រាល​បាន​យ៉ូសែប​ហើយ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ឡាបាន់​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​នៅ​ស្រុក​របស់​ខ្ញុំ​វិញ។

លោកុ‌ប្បត្តិ 30