9. ព្រះជាអម្ចាស់មានព្រះបន្ទូលហៅមនុស្សប្រុសថា៖ «អ្នកនៅឯណា?»
10. គាត់ទូលព្រះអង្គវិញថា៖ «ទូលបង្គំបានឮព្រះសូរសៀងរបស់ព្រះអង្គនៅក្នុងសួនឧទ្យាន ទូលបង្គំភ័យណាស់ ព្រោះទូលបង្គំនៅខ្លួនទទេ ហេតុនេះហើយបានជាទូលបង្គំពួន»។
11. ព្រះអង្គមានព្រះបន្ទូលថា៖ «នរណាប្រាប់អ្នកឲ្យដឹងថាអ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងហាមនោះឬ?»។
12. បុរសឆ្លើយថា៖ «ស្ត្រីដែលព្រះអង្គប្រទានឲ្យមកនៅជាមួយទូលបង្គំនោះ បានឲ្យផ្លែឈើទូលបង្គំ ហើយទូលបង្គំក៏ទទួលទានដែរ»។
13. ព្រះជាអម្ចាស់មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ «ម្ដេចក៏នាងធ្វើដូច្នេះ?» ស្ត្រីឆ្លើយថា៖ «ពស់បានមកបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ទទួលទានផ្លែឈើនោះទៅ»។
14. ព្រះជាអម្ចាស់មានព្រះបន្ទូលមកសត្វពស់ថា៖«ដោយឯងបានធ្វើដូច្នេះក្នុងបណ្ដាសត្វស្រុក សត្វព្រៃទាំងប៉ុន្មានឯងនឹងត្រូវបណ្ដាសាហើយ។ឯងត្រូវតែលូននឹងពោះហើយស៊ីតែធូលីដីអស់មួយជីវិត។
15. យើងនឹងធ្វើឲ្យឯង និងស្ត្រីព្រមទាំងពូជឯង និងពូជស្ត្រីក្លាយទៅជាសត្រូវនឹងគ្នាពូជនាងនឹងជាន់ក្បាលរបស់ឯងហើយឯងនឹងចឹកកែងជើងពូជនាង»។
16. ព្រះអង្គមានព្រះបន្ទូលមកស្ត្រីថា៖«នៅពេលនាងមានផ្ទៃពោះយើងនឹងធ្វើឲ្យនាងរងទុក្ខលំបាកយ៉ាងខ្លាំងនាងនឹងសម្រាលកូនទាំងឈឺចុកចាប់។តណ្ហាជំរុញនាងឲ្យត្រូវការប្ដីតែប្ដីនឹងធ្វើជាម្ចាស់លើនាង»។
17. ព្រះអង្គមានព្រះបន្ទូលមកលោកអដាំថា៖ «ដោយអ្នកបានស្ដាប់តាមពាក្យប្រពន្ធ ហើយបរិភោគផ្លែឈើដែលយើងហាមប្រាមនោះដីនឹងត្រូវបណ្ដាសា ព្រោះតែអ្នក។ដូច្នេះ អ្នកនឹងកាប់គាស់ដីចិញ្ចឹមជីវិតយ៉ាងវេទនាជារៀងរាល់ថ្ងៃ អស់មួយជីវិត។
18. ដីនឹងដុះចេញជាបន្លា និងអញ្ចាញហើយអ្នកនឹងបរិភោគតិណជាតិទាំងឡាយដែលដុះនៅតាមទីវាល។
19. អ្នកត្រូវរកស៊ីចិញ្ចឹមជីវិតទាំងបង្ហូរញើសរហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញដ្បិតអ្នកមានកំណើតមកពីដី។អ្នកកើតពីធូលីដីអ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
20. បុរសដាក់ឈ្មោះឲ្យប្រពន្ធថា “អេវ៉ា” ដ្បិតនាងជាមាតារបស់មនុស្សទាំងអស់ដែលមានជីវិត។
21. ព្រះជាអម្ចាស់បានយកស្បែកសត្វមកធ្វើជាសម្លៀកបំពាក់ឲ្យលោកអដាំ និងភរិយារបស់គាត់។
22. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ មនុស្សក៏ស្គាល់ល្អ ស្គាល់អាក្រក់ បានទៅជាម្នាក់ដូចយើងដែរ ដូច្នេះ គួរតែយើងរារាំងគេ កុំឲ្យលូកដៃបេះផ្លែពីដើមឈើ ដែលផ្ដល់ជីវិតថែមទៀតឡើយ ក្រែងគេបរិភោគទៅមានជីវិតអស់កល្បជានិច្ច»។