6. ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឲ្យគយគន់ ហើយថែមទាំងអាចធ្វើឲ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឲ្យប្ដីដែលនៅជាមួយ ហើយប្ដីក៏បរិភោគដែរ។
7. ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយដឹងថា គេនៅខ្លួនទទេ។ អ្នកទាំងពីរក៏បេះស្លឹកល្វាមកខ្ទាស់ធ្វើជាប៉ឹងបិទបាំងកាយ។
8. អ្នកទាំងពីរបានឮព្រះសូរសៀងរបស់ព្រះជាអម្ចាស់ ដែលយាងកាត់សួនឧទ្យាន នៅពេលមានខ្យល់បក់រំភើយៗ បុរស និងស្ត្រីក៏នាំគ្នារត់ពួនក្រោយដើមឈើក្នុងសួនឧទ្យាន កុំឲ្យព្រះជាអម្ចាស់ទតឃើញ។
9. ព្រះជាអម្ចាស់មានព្រះបន្ទូលហៅមនុស្សប្រុសថា៖ «អ្នកនៅឯណា?»
10. គាត់ទូលព្រះអង្គវិញថា៖ «ទូលបង្គំបានឮព្រះសូរសៀងរបស់ព្រះអង្គនៅក្នុងសួនឧទ្យាន ទូលបង្គំភ័យណាស់ ព្រោះទូលបង្គំនៅខ្លួនទទេ ហេតុនេះហើយបានជាទូលបង្គំពួន»។
11. ព្រះអង្គមានព្រះបន្ទូលថា៖ «នរណាប្រាប់អ្នកឲ្យដឹងថាអ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងហាមនោះឬ?»។
12. បុរសឆ្លើយថា៖ «ស្ត្រីដែលព្រះអង្គប្រទានឲ្យមកនៅជាមួយទូលបង្គំនោះ បានឲ្យផ្លែឈើទូលបង្គំ ហើយទូលបង្គំក៏ទទួលទានដែរ»។
13. ព្រះជាអម្ចាស់មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ «ម្ដេចក៏នាងធ្វើដូច្នេះ?» ស្ត្រីឆ្លើយថា៖ «ពស់បានមកបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ទទួលទានផ្លែឈើនោះទៅ»។
14. ព្រះជាអម្ចាស់មានព្រះបន្ទូលមកសត្វពស់ថា៖«ដោយឯងបានធ្វើដូច្នេះក្នុងបណ្ដាសត្វស្រុក សត្វព្រៃទាំងប៉ុន្មានឯងនឹងត្រូវបណ្ដាសាហើយ។ឯងត្រូវតែលូននឹងពោះហើយស៊ីតែធូលីដីអស់មួយជីវិត។
15. យើងនឹងធ្វើឲ្យឯង និងស្ត្រីព្រមទាំងពូជឯង និងពូជស្ត្រីក្លាយទៅជាសត្រូវនឹងគ្នាពូជនាងនឹងជាន់ក្បាលរបស់ឯងហើយឯងនឹងចឹកកែងជើងពូជនាង»។
16. ព្រះអង្គមានព្រះបន្ទូលមកស្ត្រីថា៖«នៅពេលនាងមានផ្ទៃពោះយើងនឹងធ្វើឲ្យនាងរងទុក្ខលំបាកយ៉ាងខ្លាំងនាងនឹងសម្រាលកូនទាំងឈឺចុកចាប់។តណ្ហាជំរុញនាងឲ្យត្រូវការប្ដីតែប្ដីនឹងធ្វើជាម្ចាស់លើនាង»។