1. ពស់ជាសត្វមួយមានកលល្បិចជាងគេ ក្នុងចំណោមសត្វព្រៃទាំងអស់ដែលព្រះជាអម្ចាស់បង្កើតមក។ វាពោលទៅកាន់ស្ត្រីថា៖ «តើព្រះជាម្ចាស់ពិតជាមានព្រះបន្ទូលថា អ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មាន ដែលនៅក្នុងសួនឧទ្យានមែនឬ?»។
2. ស្ត្រីពោលទៅកាន់ពស់ថា៖ «យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនឧទ្យានបាន
3. រីឯដើមឈើដែលស្ថិតនៅកណ្ដាលសួនឧទ្យាននោះវិញ ព្រះជាម្ចាស់បានហាមថា “កុំបរិភោគផ្លែវាឡើយ ហើយក៏មិនត្រូវប៉ះពាល់ដែរ បើពុំនោះទេ អ្នកទាំងពីរនឹងស្លាប់ជាមិនខាន”»។
4. ពេលនោះ ពស់ប្រាប់ស្ត្រីថា៖ «ទេ! អ្នកទាំងពីរនឹងមិនស្លាប់ទេ។
5. ផ្ទុយទៅវិញ ព្រះជាម្ចាស់ជ្រាបថា ថ្ងៃណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចព្រះ ដែលស្គាល់ល្អស្គាល់អាក្រក់ជាមិនខាន»។
6. ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឲ្យគយគន់ ហើយថែមទាំងអាចធ្វើឲ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឲ្យប្ដីដែលនៅជាមួយ ហើយប្ដីក៏បរិភោគដែរ។