22. លោកឡាបាន់ក៏អញ្ជើញអ្នកស្រុកទាំងអស់មក ហើយរៀបចំជប់លៀង។
23. នៅពេលល្ងាច គាត់នាំនាងលេអាទៅផ្សំដំណេកជាមួយលោកយ៉ាកុប។
24. លោកឡាបាន់ប្រគល់នាងស៊ីលផា ជាអ្នកបម្រើរបស់លោក ឲ្យបម្រើនាងលេអា។
25. លុះព្រលឹមឡើង លោកយ៉ាកុបឃើញថាជានាងលេអា លោកពោលទៅកាន់លោកឡាបាន់ថា៖ «ម្ដេចក៏លោកឪពុកធ្វើដូច្នេះ? ខ្ញុំនៅបម្រើលោកឪពុក ដើម្បីនាងរ៉ាជែលទេ តើហេតុអ្វីបានជាលោកឪពុកបោកប្រាស់ខ្ញុំបែបនេះ?»។
26. លោកឡាបាន់តបវិញថា៖ «នៅស្រុកយើងនេះមិនដែលមាននរណាលើកកូនពៅឲ្យគេ មុនកូនច្បងឡើយ
27. ចូរបង្គ្រប់ពិធីមង្គលការជាមួយនាងឲ្យបានមួយអាទិត្យសិន រួចហើយសឹមពុកលើកនាងមួយទៀតឲ្យ តែកូនត្រូវធ្វើការឲ្យពុកប្រាំពីរឆ្នាំទៀត»។
28. លោកយ៉ាកុបក៏ធ្វើតាមពាក្យគាត់ គឺបង្គ្រប់ពិធីមង្គលការជាមួយនាងលេអាអស់មួយអាទិត្យ។ បន្ទាប់មក លោកឡាបាន់បានឲ្យនាងរ៉ាជែលទៅលោកយ៉ាកុបទៀត។
29. លោកឡាបាន់ប្រគល់នាងប៊ីលហា ជាអ្នកបម្រើរបស់លោក ឲ្យបម្រើនាងរ៉ាជែល។
30. លោកយ៉ាកុបក៏បានរួមដំណេកជាមួយនាងរ៉ាជែលដែរ។ លោកស្រឡាញ់នាងរ៉ាជែលខ្លាំងជាងនាងលេអា។ បន្ទាប់មក លោកនៅបម្រើលោកឡាបាន់ប្រាំពីរឆ្នាំទៀត។
31. កាលព្រះអម្ចាស់ទតឃើញថា លោកយ៉ាកុបមិនសូវស្រឡាញ់លោកស្រីលេអាដូច្នេះ ព្រះអង្គក៏ប្រោសឲ្យគាត់មានកូន រីឯលោកស្រីរ៉ាជែលវិញ នៅជាស្ត្រីអារ។
32. លោកស្រីលេអាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា “រូបេន” ដ្បិតគាត់ពោលថា៖ «ព្រះអម្ចាស់បានទតឃើញថា ខ្ញុំជាស្ត្រីអភ័ព្វ ហើយឥឡូវនេះ ប្ដីខ្ញុំមុខជាស្រឡាញ់ខ្ញុំមិនខាន»។
33. គាត់មានផ្ទៃពោះម្ដងទៀត ហើយសម្រាលបានកូនប្រុសមួយ គាត់ពោលថា៖ «ព្រះអម្ចាស់ជ្រាបថា ប្ដីខ្ញុំមិនស្រឡាញ់ខ្ញុំទេ បានជាព្រះអង្គប្រទានកូនប្រុសមួយទៀតនេះមកឲ្យខ្ញុំ»។ គាត់ដាក់ឈ្មោះកូនថា “ស៊ីម្មាន”។
34. បន្ទាប់មក គាត់មានផ្ទៃពោះសាជាថ្មី ហើយសម្រាលបានកូនប្រុសមួយទៀត។ គាត់ពោលថា៖ «លើកនេះ ប្ដីខ្ញុំពិតជាជំពាក់ចិត្តនឹងខ្ញុំមិនខាន ព្រោះខ្ញុំបង្កើតកូនប្រុសជូនគាត់ ដល់ទៅបីហើយ»។ ហេតុនេះ បានជាគេហៅឈ្មោះកូននោះថា “លេវី”។
35. គាត់មានផ្ទៃពោះម្ដងទៀត ហើយសម្រាលបានកូនប្រុសមួយ គាត់ពោលថា៖ «ពេលនេះ ខ្ញុំសូមលើកតម្កើងព្រះអម្ចាស់»។ ហេតុនេះហើយ បានជាគាត់ដាក់ឈ្មោះកូននោះថា “យូដា” បន្ទាប់មក គាត់ក៏លែងមានកូនទៀត។