16. លោកឡាបាន់មានកូនស្រីពីរនាក់ កូនបងឈ្មោះលេអា ហើយកូនប្អូនឈ្មោះរ៉ាជែល។
17. នាងលេអាមានភ្នែកស្រស់ល្អ រីឯនាងរ៉ាជែលវិញ នាងមានរូបឆោមស្អាតល្អណាស់។
18. ដោយលោកយ៉ាកុបស្រឡាញ់នាងរ៉ាជែល លោកឆ្លើយថា៖ «ក្មួយសុខចិត្តនៅបម្រើលោកអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាជែល ជាកូនពៅរបស់លោកអ៊ំមកធ្វើជាប្រពន្ធ»។
19. លោកឡាបាន់តបថា៖ «អ៊ំពេញចិត្តនឹងលើកកូនឲ្យក្មួយ ជាជាងលើកឲ្យប្រុសដទៃទៀត។ ដូច្នេះ ចូរក្មួយនៅជាមួយនឹងអ៊ំទៅ!»។
20. លោកយ៉ាកុបនៅបម្រើលោកឡាបាន់ អស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីបាននាងរ៉ាជែល ប៉ុន្តែ ដោយលោកស្រឡាញ់នាងរ៉ាជែលជាខ្លាំង រយៈពេលប្រាំពីរឆ្នាំនោះហាក់ដូចជាប៉ុន្មានថ្ងៃប៉ុណ្ណោះ។
21. បន្ទាប់មក លោកយ៉ាកុបជម្រាបលោកឡាបាន់ថា៖ «សូមលោកអ៊ំឲ្យក្មួយរៀបការជាមួយនឹងរ៉ាជែលទៅ ព្រោះក្មួយនៅបម្រើលោកអ៊ំចប់សព្វគ្រប់ តាមដែលយើងបានកំណត់នោះហើយ»។
22. លោកឡាបាន់ក៏អញ្ជើញអ្នកស្រុកទាំងអស់មក ហើយរៀបចំជប់លៀង។
23. នៅពេលល្ងាច គាត់នាំនាងលេអាទៅផ្សំដំណេកជាមួយលោកយ៉ាកុប។
24. លោកឡាបាន់ប្រគល់នាងស៊ីលផា ជាអ្នកបម្រើរបស់លោក ឲ្យបម្រើនាងលេអា។
25. លុះព្រលឹមឡើង លោកយ៉ាកុបឃើញថាជានាងលេអា លោកពោលទៅកាន់លោកឡាបាន់ថា៖ «ម្ដេចក៏លោកឪពុកធ្វើដូច្នេះ? ខ្ញុំនៅបម្រើលោកឪពុក ដើម្បីនាងរ៉ាជែលទេ តើហេតុអ្វីបានជាលោកឪពុកបោកប្រាស់ខ្ញុំបែបនេះ?»។