លោកុ‌ប្បត្តិ 29:12-30 Khmer Standard Version (KHSV)

12. លោក​យ៉ាកុប​ប្រាប់​នាង​រ៉ាជែល​ថា លោក​ត្រូវ​ជា​សាច់‌ញាតិ​នឹង​ឪពុក​នាង គឺ​លោក​ជា​កូន​របស់​លោក​ស្រី​រេបិកា នាង​រ៉ាជែល​ក៏​រត់​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ឪពុក។

13. កាល​លោក​ឡាបាន់​ឮ​ដំណឹង​ថា លោក​យ៉ាកុប​ជា​កូន​របស់​ប្អូន​ស្រី​គាត់​មក​ដល់ គាត់​ក៏​រត់​ទៅ​ទទួល ទាំង​ឱប​ថើប​ទៀត​ផង ហើយ​នាំ​លោក​យ៉ាកុប​ចូល​ទៅ​ក្នុង​ផ្ទះ។ លោក​យ៉ាកុប​រៀប​រាប់​ប្រាប់​លោក​ឡាបាន់ តាម​ដំណើរ​រឿង​ទាំង​អស់។

14. លោក​ឡាបាន់​ក៏​ពោល​ឡើង​ថា៖ «ក្មួយ​ពិត​ជា​សាច់​ឈាម​របស់​អ៊ំ​មែន!»។ លោក​យ៉ាកុប​ស្នាក់​នៅ​ជា​មួយ​លោក​ឡាបាន់​អស់​រយៈ​ពេល​មួយ​ខែ។

15. ថ្ងៃ​មួយ លោក​ឡាបាន់​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «ក្មួយ​ជា​សាច់‌ញាតិ​របស់​អ៊ំ​មែន តែ​ក្មួយ​មិន​ត្រូវ​ធ្វើ​ការ​ឲ្យ​អ៊ំ ដោយ​មិន​យក​កំរៃ​នោះ​ឡើយ។ សូម​ក្មួយ​ប្រាប់​អ៊ំ​មក ក្មួយ​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន?»។

16. លោក​ឡាបាន់​មាន​កូន​ស្រី​ពីរ​នាក់ កូន​បង​ឈ្មោះ​លេអា ហើយ​កូន​ប្អូន​ឈ្មោះ​រ៉ាជែល។

17. នាង​លេអា​មាន​ភ្នែក​ស្រស់​ល្អ រីឯ​នាង​រ៉ាជែល​វិញ នាង​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។

18. ដោយ​លោក​យ៉ាកុប​ស្រឡាញ់​នាង​រ៉ាជែល លោក​ឆ្លើយ​ថា៖ «ក្មួយ​សុខ​ចិត្ត​នៅ​បម្រើ​លោក​អ៊ំ​ប្រាំ‌ពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល ជា​កូន​ពៅ​របស់​លោក​អ៊ំ​មក​ធ្វើ​ជា​ប្រពន្ធ»។

19. លោក​ឡាបាន់​តប​ថា៖ «អ៊ំ​ពេញ​ចិត្ត​នឹង​លើក​កូន​ឲ្យ​ក្មួយ ជា​ជាង​លើក​ឲ្យ​ប្រុស​ដទៃ​ទៀត។ ដូច្នេះ ចូរ​ក្មួយ​នៅ​ជា​មួយ​នឹង​អ៊ំ​ទៅ!»។

20. លោក​យ៉ាកុប​នៅ​បម្រើ​លោក​ឡាបាន់ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ ដើម្បី​បាន​នាង​រ៉ាជែល ប៉ុន្តែ ដោយ​លោក​ស្រឡាញ់​នាង​រ៉ាជែល​ជា​ខ្លាំង រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​នោះ​ហាក់​ដូច​ជា​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

21. បន្ទាប់​មក លោក​យ៉ាកុប​ជម្រាប​លោក​ឡាបាន់​ថា៖ «សូម​លោក​អ៊ំ​ឲ្យ​ក្មួយ​រៀប‌ការ​ជា​មួយ​នឹង​រ៉ាជែល​ទៅ ព្រោះ​ក្មួយ​នៅ​បម្រើ​លោក​អ៊ំ​ចប់​សព្វ​គ្រប់ តាម​ដែល​យើង​បាន​កំណត់​នោះ​ហើយ»។

22. លោក​ឡាបាន់​ក៏​អញ្ជើញ​អ្នក​ស្រុក​ទាំង​អស់​មក ហើយ​រៀបចំ​ជប់‌លៀង។

23. នៅ​ពេល​ល្ងាច គាត់​នាំ​នាង​លេអា​ទៅ​ផ្សំ​ដំណេក​ជា​មួយ​លោក​យ៉ាកុប។

24. លោក​ឡាបាន់​ប្រគល់​នាង​ស៊ីលផា ជា​អ្នក​បម្រើ​របស់​លោក ឲ្យ​បម្រើ​នាង​លេអា។

25. លុះ​ព្រលឹម​ឡើង លោក​យ៉ាកុប​ឃើញ​ថា​ជា​នាង​លេអា លោក​ពោល​ទៅ​កាន់​លោក​ឡាបាន់​ថា៖ «ម្ដេច​ក៏​លោក​ឪពុក​ធ្វើ​ដូច្នេះ? ខ្ញុំ​នៅ​បម្រើ​លោក​ឪពុក ដើម្បី​នាង​រ៉ាជែល​ទេ តើ​ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​បោក​ប្រាស់​ខ្ញុំ​បែប​នេះ?»។

26. លោក​ឡាបាន់​តប​វិញ​ថា៖ «នៅ​ស្រុក​យើង​នេះ​មិន​ដែល​មាន​នរណា​លើក​កូន​ពៅ​ឲ្យ​គេ មុន​កូន​ច្បង​ឡើយ

27. ចូរ​បង្គ្រប់​ពិធី​មង្គល‌ការ​ជា​មួយ​នាង​ឲ្យ​បាន​មួយ​អាទិត្យ​សិន រួច​ហើយ​សឹម​ពុក​លើក​នាង​មួយ​ទៀត​ឲ្យ តែ​កូន​ត្រូវ​ធ្វើ​ការ​ឲ្យ​ពុក​ប្រាំ‌ពីរ​ឆ្នាំ​ទៀត»។

28. លោក​យ៉ាកុប​ក៏​ធ្វើ​តាម​ពាក្យ​គាត់ គឺ​បង្គ្រប់​ពិធី​មង្គល‌ការ​ជា​មួយ​នាង​លេអា​អស់​មួយ​អាទិត្យ។ បន្ទាប់​មក លោក​ឡាបាន់​បាន​ឲ្យ​នាង​រ៉ាជែល​ទៅ​លោក​យ៉ាកុប​ទៀត។

29. លោក​ឡាបាន់​ប្រគល់​នាង​ប៊ីល‌ហា ជា​អ្នក​បម្រើ​របស់​លោក ឲ្យ​បម្រើ​នាង​រ៉ាជែល។

30. លោក​យ៉ាកុប​ក៏​បាន​រួម​ដំណេក​ជា​មួយ​នាង​រ៉ាជែល​ដែរ។ លោក​ស្រឡាញ់​នាង​រ៉ាជែល​ខ្លាំង​ជាង​នាង​លេអា។ បន្ទាប់​មក លោក​នៅ​បម្រើ​លោក​ឡាបាន់​ប្រាំ‌ពីរ​ឆ្នាំ​ទៀត។

លោកុ‌ប្បត្តិ 29