លោកុ‌ប្បត្តិ 29:1-12 Khmer Standard Version (KHSV)

1. លោក​យ៉ាកុប​ចេញ​ដំណើរ​ត​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​កាន់​ស្រុក​ខាង​កើត។

2. លោក​ឃើញ​អណ្ដូង​ទឹក​មួយ​នៅ​ទី​វាល ហើយ​ឃើញ​ចៀម​បី​ហ្វូង​សម្រាក​នៅ​ក្បែរ​នោះ​ដែរ ដ្បិត​គេ​នាំ​ហ្វូង​សត្វ​មក​ឲ្យ​ផឹក​ទឹក​ពី​អណ្ដូង​នោះ រីឯ​ផ្ទាំង​ថ្ម​ដែល​គ្រប​ពី​លើ​មាត់​អណ្ដូង​មាន​ទំហំ​ធំ​ណាស់។

3. កាល​គេ​ប្រមូល​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​មក​ផ្ដុំ​គ្នា​នៅ​ទី​នោះ​ហើយ ទើប​គេ​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្ដូង​ឲ្យ​ហ្វូង​ចៀម​ផឹក​ទឹក រួច​ហើយ​គេ​ប្រមៀល​ថ្ម​គ្រប​មាត់​អណ្ដូង​វិញ។

4. លោក​យ៉ាកុប​សួរ​ពួក​គង្វាល​ថា៖ «បង‌ប្អូន​អើយ តើ​បង‌ប្អូន​មក​ពី​ស្រុក​ណា?»។ គេ​ឆ្លើយ​ថា៖ «យើង​មក​ពី​ស្រុក​ខារ៉ាន»។

5. លោក​សួរ​គេ​ទៀត​ថា៖ «តើ​បង‌ប្អូន​ស្គាល់​លោក​ឡាបាន់ ដែល​ត្រូវ​ជា​កូន​របស់​លោក​ណាឃរ​ឬ​ទេ?»។ គេ​តប​ថា៖ «បាទ យើង​ស្គាល់​គាត់»។

6. លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «គាត់​សុខ​សប្បាយ​ជា​ទេ?»។ គេ​ឆ្លើយ​ថា៖ «គាត់​សុខ​សប្បាយ​ជា​ទេ! នុ៎ះ‌ហ្ន៎ នាង​រ៉ាជែល កូន​ស្រី​របស់​គាត់​កំពុង​តែ​មក​ជា​មួយ​ហ្វូង​ចៀម»។

7. លោក​មាន​ប្រសាសន៍​ថា៖ «មើល៍ ថ្ងៃ​នៅ​ខ្ពស់​នៅ​ឡើយ មិន​ទាន់​ដល់​ពេល​ប្រមូល​ហ្វូង​សត្វ​ឲ្យ​មក​នៅ​ជុំ​គ្នា​ទេ។ សូម​ឲ្យ​ទឹក​វា​ផឹក រួច​ឲ្យ​ស៊ី​ស្មៅ​បន្ត​ទៀត​ទៅ»។

8. គេ​តប​មក​វិញ​ថា៖ «យើង​មិន​អាច​ឲ្យ​វា​ផឹក​ឥឡូវ​នេះ​បាន​ទេ គឺ​ត្រូវ​ចាំ​ទាល់​តែ​ហ្វូង​សត្វ​ទាំង​អស់​មក​ជុំ​គ្នា​សិន សឹម​បើក​គម្រប​អណ្ដូង​ឲ្យ​វា​ផឹក​ទឹក»។

9. លោក​យ៉ាកុប​កំពុង​និយាយ​ជា​មួយ​ពួក​គង្វាល​ទាំង​នោះ​នៅ​ឡើយ ស្រាប់​តែ​នាង​រ៉ាជែល​នាំ​ហ្វូង​ចៀម​របស់​ឪពុក​នាង​មក​ដល់ ដ្បិត​នាង​ជា​អ្នក​ឃ្វាល។

10. ពេល​លោក​យ៉ាកុប​ឃើញ​នាង​រ៉ាជែល ជា​កូន​របស់​លោក​ឡាបាន់ ដែល​ជា​បង​ប្រុស​របស់​ម្ដាយ​លោក និង​ហ្វូង​ចៀម​របស់​លោក​ឡាបាន់​មក​ដល់ លោក​ក៏​ចូល​ទៅ​ជិត​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្ដូង រួច​ដង​ទឹក​ឲ្យ​សត្វ​របស់​លោក​ឡាបាន់​ផឹក។

11. បន្ទាប់​មក លោក​ថើប​នាង​រ៉ាជែល ហើយ​ទ្រហោ​យំ។

12. លោក​យ៉ាកុប​ប្រាប់​នាង​រ៉ាជែល​ថា លោក​ត្រូវ​ជា​សាច់‌ញាតិ​នឹង​ឪពុក​នាង គឺ​លោក​ជា​កូន​របស់​លោក​ស្រី​រេបិកា នាង​រ៉ាជែល​ក៏​រត់​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ឪពុក។

លោកុ‌ប្បត្តិ 29