6. លោកអេសាវឃើញលោកអ៊ីសាកឲ្យពរលោកយ៉ាកុប និងចាត់គាត់ឲ្យទៅរកប្រពន្ធនៅស្រុកប៉ាដាន់-អើរ៉ាម ទាំងផ្ដែផ្ដាំនៅពេលឲ្យពរនោះថា កុំយកស្ត្រីសាសន៍កាណានមកធ្វើជាភរិយា
7. គាត់ឃើញលោកយ៉ាកុបធ្វើតាមបង្គាប់ឪពុកម្ដាយ ចេញដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម
8. លោកអេសាវយល់ឃើញថា លោកអ៊ីសាក ជាឪពុក មិនពេញចិត្តនឹងស្ត្រីសាសន៍កាណានទេ។
9. លោកអេសាវក៏ទៅរកលោកអ៊ីស្មាអែល ហើយយកប្រពន្ធមួយទៀត គឺនាងម៉ាហាឡាត ជាបងរបស់នាងនេបាយ៉ូត ដែលត្រូវជាកូនស្រីរបស់លោកអ៊ីស្មាអែល កូនរបស់លោកអប្រាហាំ។
10. លោកយ៉ាកុបចាកចេញពីក្រុងបៀរសេបាឆ្ពោះទៅកាន់ស្រុកខារ៉ាន។
11. ពេលថ្ងៃជិតលិច លោកបានទៅដល់កន្លែងមួយ ហើយស្នាក់នៅទីនោះ។ លោកបានយកថ្មមួយដុំមកកើយ រួចសម្រាន្តលក់នៅទីនោះទៅ។
12. លោកសុបិនឃើញមានជណ្ដើរមួយបញ្ឈរលើផែនដី ចុងវាខ្ពស់រហូតដល់មេឃ ហើយមានទេវតា*របស់ព្រះជាម្ចាស់ នាំគ្នាចុះឡើងតាមជណ្ដើរនោះ។
13. ពេលនោះ ព្រះអម្ចាស់គង់នៅក្បែរលោក មានព្រះបន្ទូលថា៖ «យើងជាព្រះអម្ចាស់ ជាព្រះរបស់អប្រាហាំ ជីតាអ្នក ហើយក៏ជាព្រះរបស់អ៊ីសាកដែរ។ យើងនឹងប្រគល់ទឹកដីដែលអ្នកដេកលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។
14. ពូជពង្សរបស់អ្នកនឹងមានចំនួនច្រើនដូចធូលីដី។ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង។ ក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងបានទទួលពរដោយសារអ្នក និងពូជពង្សរបស់អ្នក។
15. ចំពោះយើងផ្ទាល់ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសម្រេចអ្វីទាំងអស់តាមពាក្យដែលយើងសន្យានេះ»។
16. លោកយ៉ាកុបភ្ញាក់ឡើង ហើយពោលថា៖ «ព្រះអម្ចាស់ពិតជាគង់នៅកន្លែងនេះមែន តែខ្ញុំមិនដឹងសោះ!»។