11. ពេលថ្ងៃជិតលិច លោកបានទៅដល់កន្លែងមួយ ហើយស្នាក់នៅទីនោះ។ លោកបានយកថ្មមួយដុំមកកើយ រួចសម្រាន្តលក់នៅទីនោះទៅ។
12. លោកសុបិនឃើញមានជណ្ដើរមួយបញ្ឈរលើផែនដី ចុងវាខ្ពស់រហូតដល់មេឃ ហើយមានទេវតា*របស់ព្រះជាម្ចាស់ នាំគ្នាចុះឡើងតាមជណ្ដើរនោះ។
13. ពេលនោះ ព្រះអម្ចាស់គង់នៅក្បែរលោក មានព្រះបន្ទូលថា៖ «យើងជាព្រះអម្ចាស់ ជាព្រះរបស់អប្រាហាំ ជីតាអ្នក ហើយក៏ជាព្រះរបស់អ៊ីសាកដែរ។ យើងនឹងប្រគល់ទឹកដីដែលអ្នកដេកលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។
14. ពូជពង្សរបស់អ្នកនឹងមានចំនួនច្រើនដូចធូលីដី។ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង។ ក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងបានទទួលពរដោយសារអ្នក និងពូជពង្សរបស់អ្នក។
15. ចំពោះយើងផ្ទាល់ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសម្រេចអ្វីទាំងអស់តាមពាក្យដែលយើងសន្យានេះ»។
16. លោកយ៉ាកុបភ្ញាក់ឡើង ហើយពោលថា៖ «ព្រះអម្ចាស់ពិតជាគង់នៅកន្លែងនេះមែន តែខ្ញុំមិនដឹងសោះ!»។
17. លោកភ័យខ្លាចជាខ្លាំង ហើយពោលថា៖ «កន្លែងនេះគួរឲ្យស្ញែងខ្លាចណាស់! គឺពិតជាព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយពិតជាទ្វារនៃស្ថានបរមសុខ!»។
18. លោកយ៉ាកុបក្រោកឡើងពីព្រលឹម យកដុំថ្មដែលលោកកើយនោះ មកដាក់បញ្ឈរជាស្តូប រួចចាក់ប្រេងពីលើ។