38. លោកអេសាវអង្វរឪពុកទៀតថា៖ «តើលោកឪពុកមានពរតែមួយហ្នឹងទេឬ? លោកឪពុកអើយ សូមឲ្យពរកូនផងដែរ!»។ ពេលនោះ លោកអេសាវទ្រហោយំ។
39. លោកអ៊ីសាកជាឪពុកមានប្រសាសន៍តបទៅគាត់វិញថា៖«កូននឹងរស់នៅលើដីដែលគ្មានជីជាតិហើយក៏គ្មានទឹកសន្សើមធ្លាក់ពីលើមេឃមកដែរ។
40. កូននឹងចិញ្ចឹមជីវិតដោយមុខដាវកូននឹងបានទៅជាខ្ញុំបម្រើរបស់ប្អូនកូនក៏ប៉ុន្តែ សន្សឹមៗកូននឹងរើបម្រះចេញផុតពីនឹមរបស់ប្អូនកូន»។
41. លោកអេសាវចងគំនុំលោកយ៉ាកុបយ៉ាងខ្លាំង ព្រោះលោកយ៉ាកុបបានទទួលពរពីឪពុក។ គាត់គិតនៅក្នុងចិត្តថា៖ «ឪពុកអញនឹងលាចាកលោកនេះទៅក្នុងពេលឆាប់ៗ ចាំដល់ពេលនោះ សឹមអញសម្លាប់យ៉ាកុបចោល»។
42. មានគេជម្រាបលោកស្រីរេបិកាអំពីបំណងកូនច្បងរបស់គាត់ គាត់ក៏ឲ្យគេទៅហៅលោកយ៉ាកុប ជាកូនពៅ មកប្រាប់ថា៖ «មើល៍ អេសាវបងរបស់កូនចង់សម្លាប់កូន ដើម្បីសងគំនុំ។
43. ឥឡូវនេះ កូនអើយ ចូរស្ដាប់ម្ដាយ គឺកូនត្រូវរត់ភៀសខ្លួនទៅនៅជាមួយលោកឡាបាន់ ជាឪពុកធំរបស់កូន នៅឯស្រុកខារ៉ានទៅ។
44. កូនត្រូវទៅនៅជាមួយគាត់មួយរយៈសិន ទំរាំបងរបស់កូនត្រជាក់ចិត្តវិញ។
45. ពេលណាបងរបស់កូនបាត់ខឹងនឹងកូន ព្រមទាំងភ្លេចនូវអំពើដែលកូនបានប្រព្រឹត្តចំពោះវាហើយនោះ ម្ដាយនឹងប្រើគេឲ្យទៅហៅកូនមកវិញ ដ្បិតម្ដាយមិនចង់ឲ្យកូនទាំងពីរនាក់បាត់បង់ជីវិតក្នុងថ្ងៃតែមួយឡើយ»។
46. លោកស្រីរេបិកាជម្រាបលោកអ៊ីសាកថា៖ «ខ្ញុំឆ្អែតចិត្តនឹងស្ត្រីជនជាតិហេតនេះណាស់។ បើយ៉ាកុបរៀបការនឹងស្ត្រីជនជាតិហេតនៅស្រុកនេះដែរ នោះជីវិតខ្ញុំនឹងគ្មានន័យអ្វីទៀតឡើយ!»។