3. ហេតុនេះ ចូរកូនយកប្រដាប់បរបាញ់ គឺព្រួញ និងធ្នូ ចេញទៅបាញ់សត្វនៅព្រៃ យកសាច់មកឲ្យឪពុក។
4. បន្ទាប់មក ចូរធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកបរិភោគ។ ឪពុកនឹងឲ្យពរកូន មុនពេលឪពុកស្លាប់»។
5. ពេលលោកអ៊ីសាកមានប្រសាសន៍ទៅកាន់លោកអេសាវ លោកស្រីរេបិកាក៏បានលួចស្ដាប់ដែរ។ លោកអេសាវចេញដំណើរទៅព្រៃ ដើម្បីបរបាញ់សត្វនាំយកមកផ្ទះវិញ។
6. ពេលនោះ លោកស្រីរេបិកាពោលទៅកាន់លោកយ៉ាកុប ជាកូនថា៖ «ម្ដាយបានឮឪពុកកូននិយាយទៅកាន់អេសាវ ជាបងរបស់កូនថា
7. “ចូរទៅបាញ់សត្វនៅព្រៃយកមក ហើយធ្វើម្ហូបយ៉ាងឆ្ងាញ់ឲ្យឪពុកបរិភោគ។ ឪពុកនឹងឲ្យពរកូននៅមុខព្រះអម្ចាស់ មុនពេលឪពុកស្លាប់”។
8. ឥឡូវនេះ កូនអើយ ចូរស្ដាប់ពាក្យដែលម្ដាយប្រាប់ឲ្យធ្វើ។
9. ចូរទៅយកកូនពពែធាត់ល្អៗពីរមក ម្ដាយនឹងធ្វើម្ហូបយ៉ាងឆ្ងាញ់តាមដែលឪពុកកូនចូលចិត្ត។
10. បន្ទាប់មក កូននឹងយកម្ហូបនោះជូនឪពុកពិសា គាត់នឹងឲ្យពរកូនមុនពេលគាត់ស្លាប់»។
11. លោកយ៉ាកុបតបទៅលោកស្រីរេបិកា ជាម្ដាយវិញថា៖ «បងអេសាវមានរោមពេញខ្លួន តែកូនអត់មានទេ។
12. ប្រសិនបើលោកឪពុកស្ទាបកូន ហើយឃើញថាកូនបញ្ឆោតលោក នោះកូនមុខជាទទួលបណ្ដាសាមិនខាន គឺមិនមែនទទួលពរទេ»។
13. ម្ដាយតបមកវិញថា៖ «កូនអើយ ទុកឲ្យបណ្ដាសានោះធ្លាក់មកលើម្ដាយចុះ! រីឯកូនគ្រាន់តែស្ដាប់ពាក្យម្ដាយប៉ុណ្ណោះ ចូរទៅយកកូនពពែមក»។
14. លោកយ៉ាកុបក៏ទៅយកកូនពពែមកជូនម្ដាយ ហើយម្ដាយក៏ធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកចូលចិត្ត។
15. បន្ទាប់មក លោកស្រីរេបិកាយកសម្លៀកបំពាក់របស់លោកអេសាវជាកូនច្បង គឺសម្លៀកបំពាក់ស្អាតជាងគេនៅក្នុងផ្ទះ មកពាក់ឲ្យលោកយ៉ាកុប ជាកូនពៅ។
16. គាត់ក៏យករោមពពែមករុំដៃ និងរុំករបស់លោកយ៉ាកុប ត្រង់កន្លែងដែលគ្មានរោម។
17. បន្ទាប់មកទៀត គាត់យកម្ហូបដ៏ឆ្ងាញ់ និងនំប៉័ងដែលគាត់បានធ្វើ មកឲ្យលោកយ៉ាកុបជាកូនកាន់។
18. លោកយ៉ាកុបយកទៅជូនឪពុក ទាំងពោលថា៖ «លោកឪពុក!»។ លោកអ៊ីសាកឆ្លើយឡើងថា៖ «ឪពុកនៅឯណេះ! តើកូនណាមួយហ្នឹង?»។