26. បន្ទាប់មក លោកអ៊ីសាកជាឪពុកមានប្រសាសន៍ទៅគាត់ថា៖ «កូនអើយ ចូរខិតមកជិតឪពុក ហើយថើបឪពុកសិន»។
27. លោកយ៉ាកុបក៏ខិតទៅជិតឪពុក ហើយថើបគាត់។ ពេលនោះ លោកអ៊ីសាកស្គាល់ក្លិនសម្លៀកបំពាក់របស់លោកអេសាវ ក៏ឲ្យពរលោកយ៉ាកុប ដូចតទៅនេះ៖«ក្លិនរបស់កូនប្រៀបបាននឹងក្លិនចម្ការមួយដែលទទួលពរពីព្រះអម្ចាស់។
28. សូមព្រះជាម្ចាស់ប្រទានទឹកសន្សើមពីលើមេឃមកឲ្យកូនព្រមទាំងដីដែលមានជីជាតិល្អផងដែរ។ព្រះអង្គប្រទានឲ្យកូនមានស្រូវនិងមានស្រាទំពាំងបាយជូរថ្មីយ៉ាងបរិបូណ៌។
29. សូមឲ្យជាតិសាសន៍នានាបានទៅជាខ្ញុំបម្រើរបស់កូនហើយឲ្យប្រជាជាតិជាច្រើនក្រាបថ្វាយបង្គំកូន!។សូមឲ្យកូនគ្រប់គ្រងលើបងប្អូនរបស់កូន!សូមឲ្យបងប្អូនបង្កើតទាំងប៉ុន្មានរបស់កូនក្រាបថ្វាយបង្គំកូន!អ្នកណាដាក់បណ្ដាសាកូនអ្នកនោះមុខជាទទួលបណ្ដាសាមិនខាន!រីឯអ្នកណាឲ្យពរកូនអ្នកនោះក៏នឹងទទួលពរដែរ»។
30. ពេលលោកអ៊ីសាកឲ្យពរលោកយ៉ាកុបចប់សព្វគ្រប់ហើយ លោកយ៉ាកុបក៏ចាកចេញពីឪពុកទៅ។ លោកអេសាវវិលត្រឡប់មកពីបាញ់សត្វវិញ។
31. គាត់រៀបចំម្ហូបយ៉ាងឆ្ងាញ់យកមកជូនឪពុកដែរ គាត់ជម្រាបឪពុកថា៖ «សូមអញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបាញ់បាននេះទៅ រួចសឹមឲ្យពរកូន»។
32. លោកអ៊ីសាកជាឪពុកសួរថា៖ «នរណាហ្នឹង?» លោកអេសាវតបថា៖ «ខ្ញុំ អេសាវ ជាកូនច្បងរបស់លោកឪពុក»។
33. លោកអ៊ីសាកញ័ររន្ធត់យ៉ាងខ្លាំង សួរថា៖ «តើអ្នកដែលបានបាញ់សត្វយកមកឲ្យឪពុក អំបាញ់មិញនេះ ជានរណា? មុនកូនមកដល់ ឪពុកបានបរិភោគអស់ស្រេចទៅហើយ ឪពុកក៏ឲ្យពរវា វានឹងទទួលពររហូត»។
34. ពេលលោកអេសាវឮពាក្យរបស់ឪពុកដូច្នេះ ក៏ស្រែកឡើងយ៉ាងខ្លាំង ព្រោះក្ដៅក្រហាយពេក គាត់អង្វរឪពុកថា៖ «លោកឪពុក សូមឲ្យពរមកកូនផងដែរ!»។
35. លោកអ៊ីសាកឆ្លើយវិញថា៖ «ប្អូនរបស់កូនបានប្រើកលល្បិច ដណ្ដើមយកពររបស់កូនបាត់ទៅហើយ!»។
36. លោកអេសាវពោលថា៖ «គេដាក់ឈ្មោះវាថា “យ៉ាកុប” ដូច្នេះត្រូវហើយ ព្រោះវាបានបោកបញ្ឆោតខ្ញុំដល់ទៅពីរដង គឺវាដណ្ដើមយកសិទ្ធិជាកូនច្បងពីខ្ញុំ រួចស្រេចទៅហើយ ឥឡូវនេះ វាបោកយកពរពីខ្ញុំទៀត! តើលោកឪពុកនៅមានសល់ពរណាទៀតសម្រាប់កូនឬទេ?»។
37. លោកអ៊ីសាកមានប្រសាសន៍ទៅកាន់លោកអេសាវវិញថា៖ «ឪពុកបានឲ្យវាធ្វើជាម្ចាស់លើកូនឯង និងឲ្យបងប្អូនរបស់វាទាំងអស់ទៅជាអ្នកបម្រើរបស់វាហើយ។ ឪពុកក៏បានឲ្យស្រូវ និងស្រាទំពាំងបាយជូរថ្មីទៅវាដែរ ដូច្នេះ ឪពុកមិនអាចធ្វើអ្វីទៀតសម្រាប់កូនទេ»។
38. លោកអេសាវអង្វរឪពុកទៀតថា៖ «តើលោកឪពុកមានពរតែមួយហ្នឹងទេឬ? លោកឪពុកអើយ សូមឲ្យពរកូនផងដែរ!»។ ពេលនោះ លោកអេសាវទ្រហោយំ។
39. លោកអ៊ីសាកជាឪពុកមានប្រសាសន៍តបទៅគាត់វិញថា៖«កូននឹងរស់នៅលើដីដែលគ្មានជីជាតិហើយក៏គ្មានទឹកសន្សើមធ្លាក់ពីលើមេឃមកដែរ។
40. កូននឹងចិញ្ចឹមជីវិតដោយមុខដាវកូននឹងបានទៅជាខ្ញុំបម្រើរបស់ប្អូនកូនក៏ប៉ុន្តែ សន្សឹមៗកូននឹងរើបម្រះចេញផុតពីនឹមរបស់ប្អូនកូន»។
41. លោកអេសាវចងគំនុំលោកយ៉ាកុបយ៉ាងខ្លាំង ព្រោះលោកយ៉ាកុបបានទទួលពរពីឪពុក។ គាត់គិតនៅក្នុងចិត្តថា៖ «ឪពុកអញនឹងលាចាកលោកនេះទៅក្នុងពេលឆាប់ៗ ចាំដល់ពេលនោះ សឹមអញសម្លាប់យ៉ាកុបចោល»។
42. មានគេជម្រាបលោកស្រីរេបិកាអំពីបំណងកូនច្បងរបស់គាត់ គាត់ក៏ឲ្យគេទៅហៅលោកយ៉ាកុប ជាកូនពៅ មកប្រាប់ថា៖ «មើល៍ អេសាវបងរបស់កូនចង់សម្លាប់កូន ដើម្បីសងគំនុំ។
43. ឥឡូវនេះ កូនអើយ ចូរស្ដាប់ម្ដាយ គឺកូនត្រូវរត់ភៀសខ្លួនទៅនៅជាមួយលោកឡាបាន់ ជាឪពុកធំរបស់កូន នៅឯស្រុកខារ៉ានទៅ។