20. លោកអ៊ីសាកតបវិញថា៖ «កូនបាញ់សត្វបានរហ័សណាស់!»។ លោកយ៉ាកុបឆ្លើយថា៖ «មកពីព្រះអម្ចាស់ ជាព្រះរបស់លោកឪពុក បានជួយកូន»។
21. លោកអ៊ីសាកមានប្រសាសន៍ទៅលោកយ៉ាកុបទៀតថា៖ «ចូរកូនខិតមកជិតឪពុកបន្តិច ឪពុកនឹងស្ទាបមើល ដើម្បីឲ្យដឹងថា កូនពិតជាអេសាវមែន ឬមិនមែន»។
22. លោកយ៉ាកុបចូលទៅជិតលោកអ៊ីសាក ជាឪពុក ហើយលោកក៏ស្ទាបមើលគាត់ ទាំងពោលថា៖ «សំឡេងជាសំឡេងយ៉ាកុប តែដៃជាដៃរបស់អេសាវ»។
23. លោកពុំបានដឹងថាជាលោកយ៉ាកុបទេ ព្រោះដៃគាត់មានរោមដូចដៃរបស់លោកអេសាវដែរ។ ប៉ុន្តែ មុននឹងឲ្យពរ
24. លោកសួរបញ្ជាក់ថា៖ «កូនពិតជាអេសាវមែនឬ?» លោកយ៉ាកុបឆ្លើយថា៖ «បាទមែន!»។
25. លោកអ៊ីសាកក៏មានប្រសាសន៍ថា៖ «លើកម្ហូបឲ្យឪពុកមក ឪពុកនឹងបរិភោគសាច់ដែលកូនបាញ់បាន រួចសឹមឪពុកឲ្យពរកូន»។ លោកយ៉ាកុបរៀបចំជូនឪពុកពិសា គាត់បានចាក់ស្រាទំពាំងបាយជូរជូនលោកពិសាដែរ។
26. បន្ទាប់មក លោកអ៊ីសាកជាឪពុកមានប្រសាសន៍ទៅគាត់ថា៖ «កូនអើយ ចូរខិតមកជិតឪពុក ហើយថើបឪពុកសិន»។
27. លោកយ៉ាកុបក៏ខិតទៅជិតឪពុក ហើយថើបគាត់។ ពេលនោះ លោកអ៊ីសាកស្គាល់ក្លិនសម្លៀកបំពាក់របស់លោកអេសាវ ក៏ឲ្យពរលោកយ៉ាកុប ដូចតទៅនេះ៖«ក្លិនរបស់កូនប្រៀបបាននឹងក្លិនចម្ការមួយដែលទទួលពរពីព្រះអម្ចាស់។
28. សូមព្រះជាម្ចាស់ប្រទានទឹកសន្សើមពីលើមេឃមកឲ្យកូនព្រមទាំងដីដែលមានជីជាតិល្អផងដែរ។ព្រះអង្គប្រទានឲ្យកូនមានស្រូវនិងមានស្រាទំពាំងបាយជូរថ្មីយ៉ាងបរិបូណ៌។