9. ព្រះបាទអប៊ីម៉ាឡិចបានប្រើគេឲ្យទៅហៅលោកអ៊ីសាកមក ហើយមានរាជឱង្ការថា៖ «នាងជាភរិយារបស់លោកទេតើ! ហេតុដូចម្ដេចបានជាលោកថា “នាងជាប្អូនស្រីរបស់ខ្ញុំ” ទៅវិញ?»។ លោកអ៊ីសាកទូលស្ដេចថា៖ «ទូលបង្គំនិយាយដូច្នេះ មកពីទូលបង្គំខ្លាចគេសម្លាប់ ព្រោះតែភរិយារបស់ទូលបង្គំ»។
10. ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការទៅលោកថា៖ «ម្ដេចក៏លោកធ្វើដូច្នេះចំពោះយើង? ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមប្រជារាស្ត្ររបស់យើង យកភរិយារបស់លោកនោះ លោកមុខជាបណ្ដាលឲ្យយើងទាំងអស់គ្នា មានទោសមិនខាន»។
11. ព្រះបាទអប៊ីម៉ាឡិចចេញបញ្ជាទៅប្រជារាស្ត្រទាំងមូលដូចតទៅនេះ៖ «ប្រសិនបើនរណាម្នាក់ប៉ះពាល់បុរសនេះ និងភរិយារបស់គាត់ អ្នកនោះត្រូវទទួលទោសដល់ស្លាប់»។
12. លោកអ៊ីសាកសាបព្រោះស្រូវនៅស្រុកនោះ ហើយច្រូតបានផលមួយជាមួយរយ ដ្បិតព្រះអម្ចាស់ប្រទានពរឲ្យលោក។
13. លោកក៏ទៅជាអ្នកមាន ហើយរកបានសម្បត្តិកាន់តែច្រើនឡើងៗ រហូតបានទៅជាមហាសេដ្ឋី។
14. លោកមានហ្វូងចៀម និងហ្វូងគោ ព្រមទាំងមានអ្នកបម្រើជាច្រើនផង។ ដូច្នេះ ជនជាតិភីលីស្ទីនមានចិត្តច្រណែននឹងលោក
15. ហើយយកដីមកលុបបំពេញអណ្ដូងទឹកទាំងប៉ុន្មាន ដែលពួកអ្នកបម្រើរបស់ឪពុកលោកបានជីក កាលពីជំនាន់លោកអប្រាហាំនៅរស់នៅឡើយ។
16. ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការមកលោកអ៊ីសាកថា៖ «សូមលោកចាកចេញពីស្រុកយើងទៅ ដ្បិតលោកមានសម្បត្តិស្ដុកស្ដម្ភជាងយើងណាស់»។
17. លោកអ៊ីសាកក៏ចាកចេញពីស្រុកនោះ ទៅបោះជំរំនៅក្នុងជ្រលងភ្នំកេរ៉ា ហើយស្នាក់នៅទីនោះទៅ។
18. លោកអ៊ីសាកឲ្យគេស្ដារអណ្ដូងទឹកទាំងប៉ុន្មាន ដែលគេបានជីកកាលពីជំនាន់លោកអប្រាហាំ ជាឪពុកលោក ហើយត្រូវពួកភីលីស្ទីនចាក់ដីបំពេញ ក្រោយពេលលោកអប្រាហាំទទួលមរណភាព។ លោកដាក់ឈ្មោះអណ្ដូងទឹកទាំងនោះ តាមឈ្មោះដែលឪពុកលោកបានដាក់ឲ្យកាលពីមុន។
19. ពួកអ្នកបម្រើរបស់លោកអ៊ីសាកជីកអណ្ដូងមួយទៀត នៅក្នុងជ្រលងភ្នំនោះ ហើយមានប្រភពទឹកមួយហូរចេញមក។
20. ពេលនោះ ពួកគង្វាលនៅស្រុកកេរ៉ារករឿងនឹងពួកគង្វាលរបស់លោកអ៊ីសាក ដោយពោលថា «ទឹកនេះជារបស់យើងទេ!»។ លោកអ៊ីសាកក៏ដាក់ឈ្មោះអណ្ដូងនោះថា“អេសេក” ព្រោះគេបានរករឿងជាមួយនឹងលោក។
21. ពួកអ្នកបម្រើរបស់លោកអ៊ីសាកនាំគ្នាជីកអណ្ដូងទឹកមួយទៀត ហើយអ្នកស្រុកក៏រករឿងម្ដងទៀត ដូច្នេះ លោកដាក់ឈ្មោះអណ្ដូងនោះថា “ស៊ីតណា”។
22. លោករើជំរំពីទីនោះ ហើយជីកអណ្ដូងមួយទៀត ដែលគ្មាននរណារករឿងទៀតទេ។ លោកដាក់ឈ្មោះអណ្ដូងនោះថា “រេហូបូត” ដ្បិតលោកពោលថា «ឥឡូវនេះ ព្រះអម្ចាស់បើកចំហផ្លូវឲ្យយើងហើយ យើងនឹងបានចម្រុងចម្រើនក្នុងស្រុកនេះ»។
23. លោកចាកចេញពីទីនោះ ឆ្ពោះទៅកាន់ក្រុងបៀរសេបា។
24. នៅពេលយប់ ព្រះអម្ចាស់យាងមកជួបលោក មានព្រះបន្ទូលថា៖ «យើងជាព្រះរបស់អប្រាហាំ ឪពុកអ្នក។ សូមកុំភ័យខ្លាចអី ដ្បិតយើងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដោយយល់ដល់អប្រាហាំជាអ្នកបម្រើរបស់យើង»។