លោកុ‌ប្បត្តិ 26:8-14 Khmer Standard Version (KHSV)

8. លោក​ស្នាក់​នៅ​យ៉ាង​យូរ​ក្នុង​ស្រុក​នោះ ជួន​ជា​មាន​ថ្ងៃ​មួយ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ជា​ស្ដេច​របស់​ជន‌ជាតិ​ភីលីស្ទីន ក្រឡេក​មើល​តាម​បង្អួច​ឃើញ​លោក​អ៊ីសាក​កំពុង​តែ​ប្រឡែង​លេង​ជា​មួយ​លោក​ស្រី​រេបិកា ជា​ភរិយា​របស់​លោក។

9. ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បាន​ប្រើ​គេ​ឲ្យ​ទៅ​ហៅ​លោក​អ៊ីសាក​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «នាង​ជា​ភរិយា​របស់​លោក​ទេ​តើ! ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ថា “នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ” ទៅ​វិញ?»។ លោក​អ៊ីសាក​ទូល​ស្ដេច​ថា៖ «ទូលបង្គំ​និយាយ​ដូច្នេះ មក​ពី​ទូលបង្គំ​ខ្លាច​គេ​សម្លាប់ ព្រោះ​តែ​ភរិយា​របស់​ទូលបង្គំ»។

10. ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «ម្ដេច​ក៏​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង យក​ភរិយា​របស់​លោក​នោះ លោក​មុខ​ជា​បណ្ដាល​ឲ្យ​យើង​ទាំង​អស់​គ្នា មាន​ទោស​មិន​ខាន»។

11. ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ចេញ​បញ្ជា​ទៅ​ប្រជា‌រាស្ត្រ​ទាំង​មូល​ដូច​ត​ទៅ​នេះ៖ «ប្រសិន​បើ​នរណា​ម្នាក់​ប៉ះ‌ពាល់​បុរស​នេះ និង​ភរិយា​របស់​គាត់ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។

12. លោក​អ៊ីសាក​សាប​ព្រោះ​ស្រូវ​នៅ​ស្រុក​នោះ ហើយ​ច្រូត​បាន​ផល​មួយ​ជា​មួយ​រយ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​លោក។

13. លោក​ក៏​ទៅ​ជា​អ្នក​មាន ហើយ​រក​បាន​សម្បត្តិ​កាន់​តែ​ច្រើន​ឡើងៗ រហូត​បាន​ទៅ​ជា​មហា​សេដ្ឋី។

14. លោក​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ ព្រម​ទាំង​មាន​អ្នក​បម្រើ​ជា​ច្រើន​ផង។ ដូច្នេះ ជន‌ជាតិ​ភីលីស្ទីន​មាន​ចិត្ត​ច្រណែន​នឹង​លោក

លោកុ‌ប្បត្តិ 26