28. ព្រះបាទអប៊ីម៉ាឡិច និងអស់អ្នកដែលមកជាមួយស្ដេចតបទៅលោកវិញថា៖ «យើងសង្កេតឃើញថា ព្រះអម្ចាស់ពិតជាគង់ជាមួយលោកមែន។ ហេតុនេះហើយបានជាយើងគិតគ្នាថា យើងគួរតែធ្វើកិច្ចសន្យាមួយ ដោយយើងចងសម្ពន្ធមេត្រីជាមួយគ្នា។
29. រីឯលក្ខខណ្ឌនៃសម្ពន្ធមេត្រីនោះ គឺសូមលោកស្បថនឹងយើងថា លោកមិនប្រព្រឹត្តអំពើអ្វីទាស់នឹងយើង ហើយយើងក៏ស្បថមិនធ្វើបាបលោកដែរ។ យើងតែងតែប្រព្រឹត្តល្អចំពោះលោក និងឲ្យលោកចាកចេញមក ដោយសុខសាន្ត ហើយឥឡូវនេះ លោកក៏បានទទួលព្រះពរពីព្រះអម្ចាស់ថែមទៀតផង»។
30. លោកអ៊ីសាកធ្វើពិធីជប់លៀងថ្វាយស្ដេច និងជូនលោកទាំងនោះ ហើយពួកគេក៏បរិភោគជាមួយគ្នា។
31. បន្ទាប់មក ពួកគេក្រោកឡើងពីព្រលឹម ហើយស្បថសន្យានឹងគ្នាទៅវិញទៅមក។ លោកអ៊ីសាកជូនដំណើរស្ដេច និងអស់លោកដែលមកជាមួយ ហើយពួកគេនាំគ្នាចាកចេញទៅដោយសុខសាន្ត។
32. នៅថ្ងៃដដែលនោះ អ្នកបម្រើរបស់លោកអ៊ីសាកនាំគ្នាមកជម្រាបលោក អំពីអណ្ដូងដែលគេកំពុងជីកថា៖ «យើងខ្ញុំរកឃើញទឹកហើយ!»។
33. លោកអ៊ីសាកដាក់ឈ្មោះអណ្ដូងនោះថា “សេបា” ហេតុនេះហើយបានជាគេហៅក្រុងនោះថា “បៀរសេបា” រហូតមកទល់សព្វថ្ងៃ។
34. ពេលលោកអេសាវអាយុសែសិបឆ្នាំ លោករៀបការជាមួយនាងយូឌីត ជាកូនរបស់លោកបេរី ជនជាតិហេត ព្រមទាំងរៀបការជាមួយនឹងនាងបាសម៉ាត់ ជាកូនរបស់លោកអេឡូន ជនជាតិហេត។
35. នាងទាំងពីរបានធ្វើឲ្យលោកអ៊ីសាក និងលោកស្រីរេបិកាពិបាកចិត្តជាខ្លាំង។