លោកុ‌ប្បត្តិ 26:19-26 Khmer Standard Version (KHSV)

19. ពួក​អ្នក​បម្រើ​របស់​លោក​អ៊ីសាក​ជីក​អណ្ដូង​មួយ​ទៀត នៅ​ក្នុង​ជ្រលង​ភ្នំ​នោះ ហើយ​មាន​ប្រភព​ទឹក​មួយ​ហូរ​ចេញ​មក។

20. ពេល​នោះ ពួក​គង្វាល​នៅ​ស្រុក​កេរ៉ា​រក​រឿង​នឹង​ពួក​គង្វាល​របស់​លោក​អ៊ីសាក ដោយ​ពោល​ថា «ទឹក​នេះ​ជា​របស់​យើង​ទេ!»។ លោក​អ៊ីសាក​ក៏​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា“អេសេក” ព្រោះ​គេ​បាន​រក​រឿង​ជា​មួយ​នឹង​លោក។

21. ពួក​អ្នក​បម្រើ​របស់​លោក​អ៊ីសាក​នាំ​គ្នា​ជីក​អណ្ដូង​ទឹក​មួយ​ទៀត ហើយ​អ្នក​ស្រុក​ក៏​រក​រឿង​ម្ដង​ទៀត ដូច្នេះ លោក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “ស៊ីត‌ណា”។

22. លោក​រើ​ជំរំ​ពី​ទី​នោះ ហើយ​ជីក​អណ្ដូង​មួយ​ទៀត ដែល​គ្មាន​នរណា​រក​រឿង​ទៀត​ទេ។ លោក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “រេហូ‌បូត” ដ្បិត​លោក​ពោល​ថា «ឥឡូវ​នេះ ព្រះ‌អម្ចាស់​បើក​ចំហ​ផ្លូវ​ឲ្យ​យើង​ហើយ យើង​នឹង​បាន​ចម្រុង‌ចម្រើន​ក្នុង​ស្រុក​នេះ»។

23. លោក​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​ក្រុង​បៀរ‌សេបា។

24. នៅ​ពេល​យប់ ព្រះ‌អម្ចាស់​យាង​មក​ជួប​លោក មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ​របស់​អប្រាហាំ ឪពុក​អ្នក។ សូម​កុំ​ភ័យ​ខ្លាច​អី ដ្បិត​យើង​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដោយ​យល់​ដល់​អប្រាហាំ​ជា​អ្នក​បម្រើ​របស់​យើង»។

25. លោក​អ៊ីសាក​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​គោរព​បម្រើ​ព្រះ‌អង្គ ដោយ​ហៅ​ព្រះ‌នាម​ព្រះ‌អង្គ​ថា​ព្រះ‌អម្ចាស់។ លោក​បាន​បោះ​ជំរំ​នៅ​ទី​នោះ ហើយ​អ្នក​បម្រើ​របស់​លោក​ក៏​នាំ​គ្នា​ជីក​អណ្ដូង​ទឹក​នៅ​ទី​នោះ​ដែរ។

26. ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បាន​ចេញ​ពី​ក្រុង​កេរ៉ា​មក​ជួប​លោក​អ៊ីសាក ដោយ​មាន​លោក​អហ៊ូ‌សាត​ជា​ទី​ប្រឹក្សា​របស់​ស្ដេច និង​លោក​ភីកុល ជា​មេ‌ទ័ព​របស់​ស្ដេច​មក​ជា​មួយ​ផង។

លោកុ‌ប្បត្តិ 26