លោកុ‌ប្បត្តិ 26:11-25 Khmer Standard Version (KHSV)

11. ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ចេញ​បញ្ជា​ទៅ​ប្រជា‌រាស្ត្រ​ទាំង​មូល​ដូច​ត​ទៅ​នេះ៖ «ប្រសិន​បើ​នរណា​ម្នាក់​ប៉ះ‌ពាល់​បុរស​នេះ និង​ភរិយា​របស់​គាត់ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។

12. លោក​អ៊ីសាក​សាប​ព្រោះ​ស្រូវ​នៅ​ស្រុក​នោះ ហើយ​ច្រូត​បាន​ផល​មួយ​ជា​មួយ​រយ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​លោក។

13. លោក​ក៏​ទៅ​ជា​អ្នក​មាន ហើយ​រក​បាន​សម្បត្តិ​កាន់​តែ​ច្រើន​ឡើងៗ រហូត​បាន​ទៅ​ជា​មហា​សេដ្ឋី។

14. លោក​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ ព្រម​ទាំង​មាន​អ្នក​បម្រើ​ជា​ច្រើន​ផង។ ដូច្នេះ ជន‌ជាតិ​ភីលីស្ទីន​មាន​ចិត្ត​ច្រណែន​នឹង​លោក

15. ហើយ​យក​ដី​មក​លុប​បំពេញ​អណ្ដូង​ទឹក​ទាំង​ប៉ុន្មាន ដែល​ពួក​អ្នក​បម្រើ​របស់​ឪពុក​លោក​បាន​ជីក កាល​ពី​ជំនាន់​លោក​អប្រាហាំ​នៅ​រស់​នៅ​ឡើយ។

16. ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​មាន​រាជ‌ឱង្ការ​មក​លោក​អ៊ីសាក​ថា៖ «សូម​លោក​ចាក​ចេញ​ពី​ស្រុក​យើង​ទៅ ដ្បិត​លោក​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ​ជាង​យើង​ណាស់»។

17. លោក​អ៊ីសាក​ក៏​ចាក​ចេញ​ពី​ស្រុក​នោះ ទៅ​បោះ​ជំរំ​នៅ​ក្នុង​ជ្រលង​ភ្នំ​កេរ៉ា ហើយ​ស្នាក់​នៅ​ទី​នោះ​ទៅ។

18. លោក​អ៊ីសាក​ឲ្យ​គេ​ស្ដារ​អណ្ដូង​ទឹក​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ជីក​កាល​ពី​ជំនាន់​លោក​អប្រាហាំ ជា​ឪពុក​លោក ហើយ​ត្រូវ​ពួក​ភីលីស្ទីន​ចាក់​ដី​បំពេញ ក្រោយ​ពេល​លោក​អប្រាហាំ​ទទួល​មរណ‌ភាព។ លោក​ដាក់​ឈ្មោះ​អណ្ដូង​ទឹក​ទាំង​នោះ តាម​ឈ្មោះ​ដែល​ឪពុក​លោក​បាន​ដាក់​ឲ្យ​កាល​ពី​មុន។

19. ពួក​អ្នក​បម្រើ​របស់​លោក​អ៊ីសាក​ជីក​អណ្ដូង​មួយ​ទៀត នៅ​ក្នុង​ជ្រលង​ភ្នំ​នោះ ហើយ​មាន​ប្រភព​ទឹក​មួយ​ហូរ​ចេញ​មក។

20. ពេល​នោះ ពួក​គង្វាល​នៅ​ស្រុក​កេរ៉ា​រក​រឿង​នឹង​ពួក​គង្វាល​របស់​លោក​អ៊ីសាក ដោយ​ពោល​ថា «ទឹក​នេះ​ជា​របស់​យើង​ទេ!»។ លោក​អ៊ីសាក​ក៏​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា“អេសេក” ព្រោះ​គេ​បាន​រក​រឿង​ជា​មួយ​នឹង​លោក។

21. ពួក​អ្នក​បម្រើ​របស់​លោក​អ៊ីសាក​នាំ​គ្នា​ជីក​អណ្ដូង​ទឹក​មួយ​ទៀត ហើយ​អ្នក​ស្រុក​ក៏​រក​រឿង​ម្ដង​ទៀត ដូច្នេះ លោក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “ស៊ីត‌ណា”។

22. លោក​រើ​ជំរំ​ពី​ទី​នោះ ហើយ​ជីក​អណ្ដូង​មួយ​ទៀត ដែល​គ្មាន​នរណា​រក​រឿង​ទៀត​ទេ។ លោក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “រេហូ‌បូត” ដ្បិត​លោក​ពោល​ថា «ឥឡូវ​នេះ ព្រះ‌អម្ចាស់​បើក​ចំហ​ផ្លូវ​ឲ្យ​យើង​ហើយ យើង​នឹង​បាន​ចម្រុង‌ចម្រើន​ក្នុង​ស្រុក​នេះ»។

23. លោក​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​ក្រុង​បៀរ‌សេបា។

24. នៅ​ពេល​យប់ ព្រះ‌អម្ចាស់​យាង​មក​ជួប​លោក មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ​របស់​អប្រាហាំ ឪពុក​អ្នក។ សូម​កុំ​ភ័យ​ខ្លាច​អី ដ្បិត​យើង​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដោយ​យល់​ដល់​អប្រាហាំ​ជា​អ្នក​បម្រើ​របស់​យើង»។

25. លោក​អ៊ីសាក​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​គោរព​បម្រើ​ព្រះ‌អង្គ ដោយ​ហៅ​ព្រះ‌នាម​ព្រះ‌អង្គ​ថា​ព្រះ‌អម្ចាស់។ លោក​បាន​បោះ​ជំរំ​នៅ​ទី​នោះ ហើយ​អ្នក​បម្រើ​របស់​លោក​ក៏​នាំ​គ្នា​ជីក​អណ្ដូង​ទឹក​នៅ​ទី​នោះ​ដែរ។

លោកុ‌ប្បត្តិ 26