1. នៅគ្រានោះ មានកើតទុរ្ភិក្សក្នុងស្រុក ជាទុរ្ភិក្សមួយផ្សេងពីទុរ្ភិក្ស ដែលកើតមាននៅជំនាន់លោកអប្រាហាំ។ លោកអ៊ីសាកក៏ទៅនៅក្រុងកេរ៉ា ជ្រកកោននឹងព្រះបាទអប៊ីម៉ាឡិច ជាស្ដេចនៃជនជាតិភីលីស្ទីន។
2. ព្រះអម្ចាស់បានយាងមកជួបគាត់ ហើយមានព្រះបន្ទូលថា៖ «កុំចុះទៅស្រុកអេស៊ីបឡើយ តែត្រូវទៅរស់នៅក្នុងស្រុក ដែលយើងនឹងបង្ហាញប្រាប់អ្នកវិញ។
3. ចូរស្នាក់នៅក្នុងស្រុកនេះហើយ។ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក ដ្បិតយើងនឹងប្រគល់ទឹកដីនេះឲ្យអ្នក ព្រមទាំងពូជពង្សរបស់អ្នក។ យើងនឹងសម្រេចតាមពាក្យដែលយើងបានសន្យាជាមួយអប្រាហាំ ជាឪពុករបស់អ្នក។
4. យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ យើងនឹងប្រគល់ទឹកដីនេះឲ្យពូជពង្សរបស់អ្នក។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរ ដោយសារពូជពង្សរបស់អ្នក
5. ដ្បិតអប្រាហាំបានស្ដាប់តាមពាក្យយើង គាត់បានធ្វើតាមបង្គាប់ តាមបទបញ្ជា តាមក្បួនច្បាប់ និងតាមក្រឹត្យវិន័យរបស់យើង»។
6. លោកអ៊ីសាកក៏រស់នៅក្នុងក្រុងកេរ៉ានោះ។
7. ពេលណាអ្នកស្រុកនៅទីនោះសួរលោកអំពីភរិយារបស់លោក លោកតែងពោលថា នាងជាប្អូនស្រីរបស់ខ្ញុំ។ លោកមិនហ៊ានប្រាប់គេថា នាងជាភរិយារបស់លោកឡើយ ព្រោះលោកខ្លាចអ្នកស្រុកនោះសម្លាប់លោក ដ្បិតលោកស្រីរេបិកាមានរូបឆោមស្អាតល្អណាស់។
8. លោកស្នាក់នៅយ៉ាងយូរក្នុងស្រុកនោះ ជួនជាមានថ្ងៃមួយ ព្រះបាទអប៊ីម៉ាឡិចជាស្ដេចរបស់ជនជាតិភីលីស្ទីន ក្រឡេកមើលតាមបង្អួចឃើញលោកអ៊ីសាកកំពុងតែប្រឡែងលេងជាមួយលោកស្រីរេបិកា ជាភរិយារបស់លោក។
9. ព្រះបាទអប៊ីម៉ាឡិចបានប្រើគេឲ្យទៅហៅលោកអ៊ីសាកមក ហើយមានរាជឱង្ការថា៖ «នាងជាភរិយារបស់លោកទេតើ! ហេតុដូចម្ដេចបានជាលោកថា “នាងជាប្អូនស្រីរបស់ខ្ញុំ” ទៅវិញ?»។ លោកអ៊ីសាកទូលស្ដេចថា៖ «ទូលបង្គំនិយាយដូច្នេះ មកពីទូលបង្គំខ្លាចគេសម្លាប់ ព្រោះតែភរិយារបស់ទូលបង្គំ»។
10. ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការទៅលោកថា៖ «ម្ដេចក៏លោកធ្វើដូច្នេះចំពោះយើង? ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមប្រជារាស្ត្ររបស់យើង យកភរិយារបស់លោកនោះ លោកមុខជាបណ្ដាលឲ្យយើងទាំងអស់គ្នា មានទោសមិនខាន»។
11. ព្រះបាទអប៊ីម៉ាឡិចចេញបញ្ជាទៅប្រជារាស្ត្រទាំងមូលដូចតទៅនេះ៖ «ប្រសិនបើនរណាម្នាក់ប៉ះពាល់បុរសនេះ និងភរិយារបស់គាត់ អ្នកនោះត្រូវទទួលទោសដល់ស្លាប់»។
12. លោកអ៊ីសាកសាបព្រោះស្រូវនៅស្រុកនោះ ហើយច្រូតបានផលមួយជាមួយរយ ដ្បិតព្រះអម្ចាស់ប្រទានពរឲ្យលោក។
13. លោកក៏ទៅជាអ្នកមាន ហើយរកបានសម្បត្តិកាន់តែច្រើនឡើងៗ រហូតបានទៅជាមហាសេដ្ឋី។