27. កូនប្រុសទាំងពីរមានវ័យចម្រើនធំឡើង។ អេសាវក៏បានទៅជាអ្នកប្រមាញ់ដ៏ស្ទាត់ជំនាញ គាត់ចូលចិត្តនៅតាមទីវាល។ រីឯយ៉ាកុបវិញ គាត់ចូលចិត្តស្ងៀមស្ងាត់ ហើយនៅតែក្នុងជំរំ។
28. លោកអ៊ីសាកស្រឡាញ់អេសាវជាង ព្រោះគាត់ចូលចិត្តពិសាសាច់សត្វដែលគេបរបាញ់។ រីឯលោកស្រីរេបិកាវិញ គាត់ស្រឡាញ់យ៉ាកុប។
29. ថ្ងៃមួយ លោកយ៉ាកុបកំពុងស្លសម្ល ហើយលោកអេសាវវិលត្រឡប់មកពីវាលវិញ ទាំងហេវហត់ជាខ្លាំង។
30. លោកអេសាវពោលទៅកាន់លោកយ៉ាកុបថា៖ «បងសុំសម្លក្រហមនោះញ៉ាំបន្តិចមក បងអស់កម្លាំងណាស់» (ហេតុនេះហើយបានជាគេហៅគាត់ថា “អេដុម” មានន័យថា មនុស្សពណ៌ក្រហម)។
31. លោកយ៉ាកុបតបវិញថា៖ «សូមលក់សិទ្ធិជាកូនច្បងមកឲ្យខ្ញុំនៅថ្ងៃនេះសិនមក»។
32. លោកអេសាវតបថា៖ «បងដាច់ពោះស្លាប់ឥឡូវហើយ តើសិទ្ធិជាកូនច្បងនោះមានប្រយោជន៍អ្វីដល់បង?»។
33. លោកយ៉ាកុបពោលថា៖ «ដូច្នេះ ចូរស្បថឲ្យខ្ញុំសិន»។ លោកអេសាវក៏ស្បថលក់សិទ្ធិជាកូនច្បងឲ្យលោកយ៉ាកុប។
34. លោកយ៉ាកុបយកនំប៉័ង ព្រមទាំងសម្លសណ្ដែកក្រហម មកជូនគាត់ពិសា។ លោកអេសាវពិសាបាយទឹក រួចចាកចេញទៅ។ គាត់បានមាក់ងាយសិទ្ធិរបស់ខ្លួនជាកូនច្បង។