13. កូនចៅរបស់លោកអ៊ីស្មាអែលមានឈ្មោះតាមជំនួរវង្សត្រកូល ដូចតទៅ: នេបាយ៉ូត ជាកូនច្បង កេដារ អ័ឌបែល មីបសាម
14. មីសម៉ា ឌូម៉ា ម៉ាសា
15. ហាដាឌ់ ថេម៉ា យេធើរ ណាភីស និងកេដម៉ា។
16. គឺអ្នកទាំងនោះហើយ ដែលជាកូនប្រុសទាំងដប់ពីររបស់លោកអ៊ីស្មាអែល។ អ្នកទាំងនោះជាមេកន្ទ្រាញលើអំបូររៀងៗខ្លួន ហើយជំរំរបស់ជនជាតិអ៊ីស្មាអែល និងភូមិស្រុករបស់គេសុទ្ធតែមានឈ្មោះទាំងនោះ។
17. លោកអ៊ីស្មាអែលរស់បានទាំងអស់មួយរយសាមសិបប្រាំពីរឆ្នាំ។ បន្ទាប់មក លោកទទួលមរណភាព ទៅជួបជុំនឹងបុព្វបុរស ដែលបានចែកស្ថានផុតទៅហើយនោះវិញ។
18. ជនជាតិអ៊ីស្មាអែលរស់នៅចាប់តាំងពីស្រុកហាវីឡា រហូតដល់ស្រុកស៊ើរ ដែលនៅជាប់នឹងស្រុកអេស៊ីប និងវាតរហូតទៅដល់ស្រុកអាស៊ើរ។ ជនជាតិអ៊ីស្មាអែលមិនសូវត្រូវគ្នាជាមួយបងប្អូនរបស់ខ្លួនទេ។
19. នេះជាដំណើររឿងរបស់លោកអ៊ីសាកជាកូនលោកអប្រាហាំ។ លោកអប្រាហាំបានបង្កើតលោកអ៊ីសាក។
20. ពេលលោកអ៊ីសាកមានអាយុសែសិបឆ្នាំ លោកបានរៀបការនឹងនាងរេបិកា ដែលត្រូវជាកូនរបស់លោកបេធូអែល ជាជនជាតិអើរ៉ាម នៅស្រុកប៉ាដាន់អើររ៉ាម និងត្រូវជាប្អូនស្រីរបស់លោកឡាបាន់ ជនជាតិអើរ៉ាម។
21. លោកអ៊ីសាកបានទូលអង្វរ សូមព្រះអម្ចាស់ប្រោសប្រណីភរិយារបស់លោក ដ្បិតនាងជាស្ត្រីអារ។ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់លោក ហើយលោកស្រីរេបិកាក៏មានផ្ទៃពោះ។
22. ដោយទារកកំរើកប៉ះគ្នានៅក្នុងផ្ទៃ គាត់ក៏ពោលថា៖ «ម្ដេចក៏ខ្ញុំកើតអ៊ីចឹង?»។ គាត់ទៅសួរព្រះអម្ចាស់។
23. ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖«នៅក្នុងផ្ទៃនាងមានប្រជាជាតិពីរសាសន៍ពីរខុសគ្នានឹងកើតចេញពីនាងសាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀតកូនច្បងនឹងធ្វើជារណបរបស់កូនប្អូន»។
24. ពេលគាត់គ្រប់ខែហើយ កូនភ្លោះក៏កើតចេញពីគាត់មែន។
25. កូនទីមួយកើតចេញមកមានពណ៌ក្រហម ស្បែកដូចរោមសត្វ។ គេដាក់ឈ្មោះថា “អេសាវ”។
26. បន្ទាប់មកទៀត កូនប្អូនក៏កើតមកទាំងតោងកែងជើងរបស់អេសាវជាប់។ គេដាក់ឈ្មោះថា “យ៉ាកុប”។ នៅពេលកូនទាំងពីរកើតមកនោះ លោកអ៊ីសាកមានអាយុហុកសិបឆ្នាំហើយ។
27. កូនប្រុសទាំងពីរមានវ័យចម្រើនធំឡើង។ អេសាវក៏បានទៅជាអ្នកប្រមាញ់ដ៏ស្ទាត់ជំនាញ គាត់ចូលចិត្តនៅតាមទីវាល។ រីឯយ៉ាកុបវិញ គាត់ចូលចិត្តស្ងៀមស្ងាត់ ហើយនៅតែក្នុងជំរំ។