10. គឺចម្ការដែលលោកអប្រាហាំបានទិញពីជនជាតិហេតមក។ គេបានបញ្ចុះសពលោកអប្រាហាំ និងលោកស្រីសារ៉ានៅទីនោះ។
11. ក្រោយលោកអប្រាហាំទទួលមរណភាពផុតទៅ ព្រះជាម្ចាស់ក៏បានប្រទានពរឲ្យអ៊ីសាក កូនប្រុសរបស់លោក ដែលរស់នៅក្បែរអណ្ដូងទឹកឡាហាយ-រយ។
12. នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអ៊ីស្មាអែល កូនរបស់លោកអប្រាហាំ ជាកូនដែលនាងហាការ អ្នកបម្រើរបស់លោកស្រីសារ៉ា បង្កើតជូនលោកអប្រាហាំ។
13. កូនចៅរបស់លោកអ៊ីស្មាអែលមានឈ្មោះតាមជំនួរវង្សត្រកូល ដូចតទៅ: នេបាយ៉ូត ជាកូនច្បង កេដារ អ័ឌបែល មីបសាម
14. មីសម៉ា ឌូម៉ា ម៉ាសា
15. ហាដាឌ់ ថេម៉ា យេធើរ ណាភីស និងកេដម៉ា។
16. គឺអ្នកទាំងនោះហើយ ដែលជាកូនប្រុសទាំងដប់ពីររបស់លោកអ៊ីស្មាអែល។ អ្នកទាំងនោះជាមេកន្ទ្រាញលើអំបូររៀងៗខ្លួន ហើយជំរំរបស់ជនជាតិអ៊ីស្មាអែល និងភូមិស្រុករបស់គេសុទ្ធតែមានឈ្មោះទាំងនោះ។
17. លោកអ៊ីស្មាអែលរស់បានទាំងអស់មួយរយសាមសិបប្រាំពីរឆ្នាំ។ បន្ទាប់មក លោកទទួលមរណភាព ទៅជួបជុំនឹងបុព្វបុរស ដែលបានចែកស្ថានផុតទៅហើយនោះវិញ។
18. ជនជាតិអ៊ីស្មាអែលរស់នៅចាប់តាំងពីស្រុកហាវីឡា រហូតដល់ស្រុកស៊ើរ ដែលនៅជាប់នឹងស្រុកអេស៊ីប និងវាតរហូតទៅដល់ស្រុកអាស៊ើរ។ ជនជាតិអ៊ីស្មាអែលមិនសូវត្រូវគ្នាជាមួយបងប្អូនរបស់ខ្លួនទេ។
19. នេះជាដំណើររឿងរបស់លោកអ៊ីសាកជាកូនលោកអប្រាហាំ។ លោកអប្រាហាំបានបង្កើតលោកអ៊ីសាក។
20. ពេលលោកអ៊ីសាកមានអាយុសែសិបឆ្នាំ លោកបានរៀបការនឹងនាងរេបិកា ដែលត្រូវជាកូនរបស់លោកបេធូអែល ជាជនជាតិអើរ៉ាម នៅស្រុកប៉ាដាន់អើររ៉ាម និងត្រូវជាប្អូនស្រីរបស់លោកឡាបាន់ ជនជាតិអើរ៉ាម។
21. លោកអ៊ីសាកបានទូលអង្វរ សូមព្រះអម្ចាស់ប្រោសប្រណីភរិយារបស់លោក ដ្បិតនាងជាស្ត្រីអារ។ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់លោក ហើយលោកស្រីរេបិកាក៏មានផ្ទៃពោះ។