51. នាងរេបិកានៅមុខលោកស្រាប់ហើយ សូមទទួលនាងយកទៅចុះ ឲ្យនាងបានទៅជាភរិយារបស់កូនប្រុសម្ចាស់លោក ដូចព្រះអម្ចាស់មានព្រះបន្ទូល»។
52. កាលអ្នកបម្រើរបស់លោកអប្រាហាំបានឮពាក្យទាំងនោះ គាត់ក៏ក្រាបថ្វាយបង្គំព្រះអម្ចាស់
53. រួចគាត់យកគ្រឿងអលង្ការ ជាប្រាក់ ជាមាស ព្រមទាំងសម្លៀកបំពាក់ចេញមកជូននាងរេបិកា ហើយគាត់លើកជំនូនដ៏មានតម្លៃផ្សេងៗទៀត ជូនទៅបងប្រុស និងម្ដាយរបស់នាងដែរ។
54. បន្ទាប់មក ទើបគាត់បរិភោគបាយទឹកជាមួយអស់អ្នកដែលរួមដំណើរជាមួយគាត់ ហើយយប់នោះ គេក៏នាំគ្នាស្នាក់នៅទីនោះទៅ។ លុះព្រឹកឡើងពេលក្រោកពីដំណេក អ្នកបម្រើពោលឡើងថា៖ «ខ្ញុំសូមលាត្រឡប់ទៅរកម្ចាស់ខ្ញុំវិញហើយ»។
55. បងប្រុស និងម្ដាយរបស់នាងរេបិកាពោលថា៖ «សុំឲ្យរេបិកានៅទីនេះជាមួយយើងបន្តិចសិន ចាំដប់ថ្ងៃទៀត សឹមអញ្ជើញទៅ»។
56. គាត់តបទៅវិញថា៖ «ព្រះអម្ចាស់បានធ្វើឲ្យដំណើររបស់ខ្ញុំបានសម្រេចតាមបំណងហើយ ដូច្នេះ សូមកុំឃាត់ខ្ញុំអី សូមអនុញ្ញាតឲ្យខ្ញុំវិលត្រឡប់ទៅរកម្ចាស់ខ្ញុំវិញចុះ»។
57. គេតបមកគាត់វិញថា៖ «សូមហៅនាងមក ហើយសួរយោបល់នាងផ្ទាល់ទៅ»។
58. គេក៏ហៅនាងរេបិកាមកសួរថា៖ «តើកូនយល់ព្រមទៅជាមួយលោកឬទេ?»។ នាងឆ្លើយថា៖ «ចា៎ស ព្រម!»។
59. គេក៏អនុញ្ញាតឲ្យនាងរេបិកាជាប្អូន និងមេដោះរបស់នាង ចាកចេញទៅជាមួយអ្នកបម្រើរបស់លោកអប្រាហាំ និងអស់អ្នកដែលមកជាមួយគាត់។
60. ក្រុមគ្រួសារបានឲ្យពរនាងរេបិកាថា៖«ប្អូនរេបិកាអើយសូមឲ្យនាងបានទៅជាម្ដាយរបស់មនុស្សរាប់លានរាប់កោដិនាក់សូមឲ្យពូជពង្សនាងគ្រប់គ្រងលើពួកខ្មាំងសត្រូវរបស់នាង»។
61. រេបិកាក្រោកឡើង ជាមួយពួកស្រីបម្រើរបស់នាង ឡើងជិះអូដ្ឋ ទៅតាមបុរសនោះ រួចហើយអ្នកបម្រើក៏នាំនាងរេបិកាចេញទៅ។
62. នៅគ្រានោះ អ៊ីសាកបានចាកចេញពីអណ្ដូងទឹកឡាហាយ-រយហើយ។ គាត់រស់នៅតាមតំបន់វាលរហោស្ថានណេកិប។
63. ល្ងាចមួយ គាត់ដើរចេញទៅសញ្ជឹងគិតនៅតាមវាល ហើយគាត់ក្រឡេកមើលទៅឃើញក្បួនអូដ្ឋមកដល់។
64. រីឯនាងរេបិកាវិញ នាងក៏ក្រឡេកមើលមកដែរ។ ពេលនាងឃើញអ៊ីសាក នាងលោតចុះពីខ្នងអូដ្ឋ