លោកុ‌ប្បត្តិ 24:31-47 Khmer Standard Version (KHSV)

31. គាត់​ពោល​ថា៖ «អ្នក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ពរ​អើយ សូម​អញ្ជើញ​មក ម្ដេច​ឈរ​នៅ​ខាង​ក្រៅ​ដូច្នេះ? ខ្ញុំ​បាន​រៀបចំ​ផ្ទះ​ជូន​លោក ហើយ​ក៏​បាន​រៀបចំ​កន្លែង​មួយ​សម្រាប់​អូដ្ឋ​ដែរ»។

32. បុរស​នោះ​ចូល​ទៅ​ក្នុង​ផ្ទះ គេ​យក​របស់​របរ​ចុះ​ពី​ខ្នង​អូដ្ឋ រួច​ដាក់​ចំបើង និង​ស្មៅ​ឲ្យ​វា​ស៊ី ហើយ​យក​ទឹក​មក​លាង​ជើង​ឲ្យ​បុរស​នោះ ព្រម​ទាំង​ឲ្យ​អស់​អ្នក​ដែល​មក​ជា​មួយ​ដែរ។

33. បន្ទាប់​មក គេ​យក​ម្ហូប​អាហារ​ជូន​គាត់​ពិសា។ ប៉ុន្តែ គាត់​ពោល​ថា៖ «ខ្ញុំ​មិន​ទទួល​ទាន​ទេ ដរាប​ណា​មិន​ទាន់​បាន​ជម្រាប​ជូន​នូវ​សេចក្ដី ដែល​ខ្ញុំ​ត្រូវ​និយាយ​នេះ​សិន»។ ឡាបាន់​តប​ថា៖ «សូម​អញ្ជើញ​មាន​ប្រសាសន៍​មក!»។

34. បុរស​នោះ​ក៏​ពោល​ឡើង​ថា៖ «ខ្ញុំ​បាទ​ជា​អ្នក​បម្រើ​របស់​លោក​អប្រាហាំ។

35. ព្រះ‌អម្ចាស់​បាន​ប្រទាន​ពរ​ដល់​ម្ចាស់​ខ្ញុំ​យ៉ាង​ច្រើន រហូត​ដល់​លោក​បាន​ទៅ​ជា​អ្នក​មាន​ឋានៈ​ខ្ពស់។ ព្រះ‌អង្គ​ប្រទាន​ឲ្យ​លោក​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ មាន​ប្រាក់ មាស អ្នក​បម្រើ​ស្រី​ប្រុស អូដ្ឋ និង​លា​ជា​ច្រើន​ផង។

36. ក្នុង​គ្រា​ដែល​ម្ចាស់​របស់​ខ្ញុំ​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ លោក​ស្រី​សារ៉ា ជា​ភរិយា បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក គឺ​កូន​ប្រុស​នេះ​ហើយ ដែល​នឹង​ទទួល​អ្វីៗ​ទាំង​អស់​ពី​លោក។

37. ម្ចាស់​របស់​ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​ស្បថ​ថា “អ្នក​មិន​ត្រូវ​ដណ្ដឹង​កូន​ស្រី​ជន‌ជាតិ​កាណាន ក្នុង​ស្រុក​ដែល​ខ្ញុំ​នៅ​នេះ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ខ្ញុំ​ឡើយ។

38. ក៏​ប៉ុន្តែ អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​រក​ក្រុម​គ្រួសារ និង​ញាតិ‌សន្ដាន​ខ្ញុំ ហើយ​ដណ្ដឹង​កូន​ស្រី​ម្នាក់​ពី​ស្រុក​នោះ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ខ្ញុំ”។

39. ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​របស់​ខ្ញុំ​ថា “ប្រហែល​ជា​នាង​នោះ​មិន​ព្រម​មក​ស្រុក​នេះ តាម​ខ្ញុំ​ប្របាទ​ទេ​មើល​ទៅ”។

40. លោក​តប​មក​ខ្ញុំ​វិញ​ថា “ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​ខ្ញុំ​គោរព​ប្រណិ‌ប័តន៍ ទ្រង់​នឹង​ចាត់​ទេវតា*​របស់​ព្រះ‌អង្គ​ឲ្យ​ទៅ​ជា​មួយ​អ្នក ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ដំណើរ​របស់​អ្នក​បាន​សម្រេច​តាម​បំណង​ជា​មិន​ខាន។ អ្នក​នឹង​ដណ្ដឹង​កូន​ស្រី​ម្នាក់​ក្នុង​ចំណោម​ញាតិ‌សន្ដាន និង​ក្រុម​គ្រួសារ​ខ្ញុំ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ខ្ញុំ។

41. ពេល​អ្នក​ទៅ​ជួប​ញាតិ‌សន្ដាន​របស់​ខ្ញុំ ហើយ​ប្រសិន​បើ​គេ​មិន​ព្រម​លើក​កូន​ឲ្យ​ទេ អ្នក​នឹង​បាន​រួច​ពី​សម្បថ​នេះ”។

42. ថ្ងៃ​នេះ ខ្ញុំ​បាន​មក​ដល់​អណ្ដូង​ទឹក ហើយ​ទូល‌អង្វរ​ថា បពិត្រព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ ដែល​ជា​ចៅហ្វាយ​របស់​ទូលបង្គំ ប្រសិន​បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ដំណើរ​របស់​ទូលបង្គំ​បាន​សម្រេច ដូច​ប្រាថ្នា​មែន

43. ទូលបង្គំ​នៅ​ជិត​អណ្ដូង​ទឹក​នេះ​ស្រាប់​ហើយ បើ​ទូលបង្គំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ដែល​ចេញ​មក​ដង​ទឹក​ថា “សុំ​នាង​ឲ្យ​ទឹក​ក្នុង​ក្អម​របស់​នាង មក​ខ្ញុំ​ទទួល​ទាន​បន្តិច”

44. ហើយ​បើ​នាង​តប​មក​ទូលបង្គំ​វិញ​ថា “សូម​អញ្ជើញ​ពិសា ខ្ញុំ​នឹង​ទៅ​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ថែម​ទៀត” នោះ​សូម​ឲ្យ​ចំ​លើ​នារី​ដែល​ព្រះ‌អង្គ​បាន​បម្រុង​ទុក​ជា​ភរិយា​របស់​កូន​ប្រុស​ម្ចាស់​ទូលបង្គំ។

45. ខ្ញុំ​និយាយ​ក្នុង​ចិត្ត​មិន​ទាន់​ចប់​ផង ស្រាប់​តែ​នាង​រេបិកា​កណ្ដៀត​ក្អម​ទឹក​ចេញ​ពី​ទីក្រុង​មក។ នាង​ចុះ​ទៅ​ឯ​ប្រភព​ទឹក ហើយ​ដង​ទឹក។ ខ្ញុំ​និយាយ​ទៅ​នាង​ថា “សុំ​នាង​មេត្តា​ឲ្យ​ទឹក​មក​ខ្ញុំ​ទទួល​ទាន​បន្តិច”។

46. នាង​ក៏​ប្រញាប់​ផ្អៀង​ក្អម​ដែល​នាង​កណ្ដៀត​នោះ ទាំង​ពោល​ថា “សូម​អញ្ជើញ​ពិសា នាង​ខ្ញុំ​នឹង​ទៅ​ដង​ទឹក​ឲ្យ​អូដ្ឋ​លោក​ម្ចាស់​ផឹក​ថែម​ទៀត”។

47. ខ្ញុំ​សួរ​នាង​ថា “នាង​ត្រូវ​ជា​កូន​ចៅ​របស់​លោក​ណា” នាង​ឆ្លើយ​ថា “នាង​ខ្ញុំ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ចៅ​របស់​លោក​តា​ណាឃរ និង​លោក​យាយ​មីលកា”។ ខ្ញុំ​យក​ចិញ្ចៀន និង​កង‌ដៃ​ពាក់​ឲ្យ​នាង។

លោកុ‌ប្បត្តិ 24