30. ព្រោះគាត់បានឃើញចិញ្ចៀន និងកងដៃដែលពាក់នៅនឹងដៃរបស់ប្អូនស្រី ហើយគាត់ក៏បានឮនាងរេបិកាជាប្អូនរៀបរាប់នូវសេចក្ដីដែលបុរសនោះនិយាយ។ គាត់ក៏ទៅជួបបុរសនោះ ដែលឈរនៅជាមួយអូដ្ឋ ជិតអណ្ដូងទឹក។
31. គាត់ពោលថា៖ «អ្នកដែលព្រះអម្ចាស់ប្រទានពរអើយ សូមអញ្ជើញមក ម្ដេចឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះជូនលោក ហើយក៏បានរៀបចំកន្លែងមួយសម្រាប់អូដ្ឋដែរ»។
32. បុរសនោះចូលទៅក្នុងផ្ទះ គេយករបស់របរចុះពីខ្នងអូដ្ឋ រួចដាក់ចំបើង និងស្មៅឲ្យវាស៊ី ហើយយកទឹកមកលាងជើងឲ្យបុរសនោះ ព្រមទាំងឲ្យអស់អ្នកដែលមកជាមួយដែរ។
33. បន្ទាប់មក គេយកម្ហូបអាហារជូនគាត់ពិសា។ ប៉ុន្តែ គាត់ពោលថា៖ «ខ្ញុំមិនទទួលទានទេ ដរាបណាមិនទាន់បានជម្រាបជូននូវសេចក្ដី ដែលខ្ញុំត្រូវនិយាយនេះសិន»។ ឡាបាន់តបថា៖ «សូមអញ្ជើញមានប្រសាសន៍មក!»។
34. បុរសនោះក៏ពោលឡើងថា៖ «ខ្ញុំបាទជាអ្នកបម្រើរបស់លោកអប្រាហាំ។
35. ព្រះអម្ចាស់បានប្រទានពរដល់ម្ចាស់ខ្ញុំយ៉ាងច្រើន រហូតដល់លោកបានទៅជាអ្នកមានឋានៈខ្ពស់។ ព្រះអង្គប្រទានឲ្យលោកមានហ្វូងចៀម និងហ្វូងគោ មានប្រាក់ មាស អ្នកបម្រើស្រីប្រុស អូដ្ឋ និងលាជាច្រើនផង។
36. ក្នុងគ្រាដែលម្ចាស់របស់ខ្ញុំមានវ័យចាស់ណាស់ទៅហើយ លោកស្រីសារ៉ា ជាភរិយា បង្កើតបានកូនប្រុសមួយជូនលោក គឺកូនប្រុសនេះហើយ ដែលនឹងទទួលអ្វីៗទាំងអស់ពីលោក។