25. នាងពោលទៀតថា៖ «នៅផ្ទះយើងមានចំបើង និងស្មៅស្ងួតយ៉ាងច្រើនបរិបូណ៌ ហើយក៏មានកន្លែងជូនអស់លោកស្នាក់ដែរ»។
26. បុរសនោះលុតជង្គង់ចុះ ក្រាបថ្វាយបង្គំព្រះអម្ចាស់
27. ទាំងពោលថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ជាម្ចាស់ខ្ញុំ ដែលតែងតែសម្តែងព្រះហឫទ័យសន្តោសមេត្តា និងព្រះហឫទ័យស្មោះត្រង់ចំពោះលោកម្ចាស់ខ្ញុំជានិច្ច! ព្រះអម្ចាស់នាំផ្លូវខ្ញុំ រហូតដល់បានមកជួបបងប្អូនលោកម្ចាស់ខ្ញុំ»។
28. នាងក្រមុំរត់នាំដំណឹងនេះទៅប្រាប់ម្ដាយ។
29. នាងរេបិកាមានបងប្រុសម្នាក់ ឈ្មោះឡាបាន់ ឡាបាន់ក៏រត់ចេញទៅរកបុរសនោះ នៅខាងក្រៅ ជិតអណ្ដូងទឹក
30. ព្រោះគាត់បានឃើញចិញ្ចៀន និងកងដៃដែលពាក់នៅនឹងដៃរបស់ប្អូនស្រី ហើយគាត់ក៏បានឮនាងរេបិកាជាប្អូនរៀបរាប់នូវសេចក្ដីដែលបុរសនោះនិយាយ។ គាត់ក៏ទៅជួបបុរសនោះ ដែលឈរនៅជាមួយអូដ្ឋ ជិតអណ្ដូងទឹក។
31. គាត់ពោលថា៖ «អ្នកដែលព្រះអម្ចាស់ប្រទានពរអើយ សូមអញ្ជើញមក ម្ដេចឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះជូនលោក ហើយក៏បានរៀបចំកន្លែងមួយសម្រាប់អូដ្ឋដែរ»។
32. បុរសនោះចូលទៅក្នុងផ្ទះ គេយករបស់របរចុះពីខ្នងអូដ្ឋ រួចដាក់ចំបើង និងស្មៅឲ្យវាស៊ី ហើយយកទឹកមកលាងជើងឲ្យបុរសនោះ ព្រមទាំងឲ្យអស់អ្នកដែលមកជាមួយដែរ។
33. បន្ទាប់មក គេយកម្ហូបអាហារជូនគាត់ពិសា។ ប៉ុន្តែ គាត់ពោលថា៖ «ខ្ញុំមិនទទួលទានទេ ដរាបណាមិនទាន់បានជម្រាបជូននូវសេចក្ដី ដែលខ្ញុំត្រូវនិយាយនេះសិន»។ ឡាបាន់តបថា៖ «សូមអញ្ជើញមានប្រសាសន៍មក!»។
34. បុរសនោះក៏ពោលឡើងថា៖ «ខ្ញុំបាទជាអ្នកបម្រើរបស់លោកអប្រាហាំ។
35. ព្រះអម្ចាស់បានប្រទានពរដល់ម្ចាស់ខ្ញុំយ៉ាងច្រើន រហូតដល់លោកបានទៅជាអ្នកមានឋានៈខ្ពស់។ ព្រះអង្គប្រទានឲ្យលោកមានហ្វូងចៀម និងហ្វូងគោ មានប្រាក់ មាស អ្នកបម្រើស្រីប្រុស អូដ្ឋ និងលាជាច្រើនផង។
36. ក្នុងគ្រាដែលម្ចាស់របស់ខ្ញុំមានវ័យចាស់ណាស់ទៅហើយ លោកស្រីសារ៉ា ជាភរិយា បង្កើតបានកូនប្រុសមួយជូនលោក គឺកូនប្រុសនេះហើយ ដែលនឹងទទួលអ្វីៗទាំងអស់ពីលោក។
37. ម្ចាស់របស់ខ្ញុំបានឲ្យខ្ញុំស្បថថា “អ្នកមិនត្រូវដណ្ដឹងកូនស្រីជនជាតិកាណាន ក្នុងស្រុកដែលខ្ញុំនៅនេះ មកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំឡើយ។
38. ក៏ប៉ុន្តែ អ្នកត្រូវធ្វើដំណើរទៅរកក្រុមគ្រួសារ និងញាតិសន្ដានខ្ញុំ ហើយដណ្ដឹងកូនស្រីម្នាក់ពីស្រុកនោះ មកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំ”។
39. ខ្ញុំបានជម្រាបលោកម្ចាស់របស់ខ្ញុំថា “ប្រហែលជានាងនោះមិនព្រមមកស្រុកនេះ តាមខ្ញុំប្របាទទេមើលទៅ”។
40. លោកតបមកខ្ញុំវិញថា “ព្រះអម្ចាស់ ជាព្រះដែលខ្ញុំគោរពប្រណិប័តន៍ ទ្រង់នឹងចាត់ទេវតា*របស់ព្រះអង្គឲ្យទៅជាមួយអ្នក ហើយទ្រង់នឹងធ្វើឲ្យដំណើររបស់អ្នកបានសម្រេចតាមបំណងជាមិនខាន។ អ្នកនឹងដណ្ដឹងកូនស្រីម្នាក់ក្នុងចំណោមញាតិសន្ដាន និងក្រុមគ្រួសារខ្ញុំ មកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំ។