24. នាងឆ្លើយថា៖ «នាងខ្ញុំជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកយាយមីលកា និងលោកតាណាឃរ»។
25. នាងពោលទៀតថា៖ «នៅផ្ទះយើងមានចំបើង និងស្មៅស្ងួតយ៉ាងច្រើនបរិបូណ៌ ហើយក៏មានកន្លែងជូនអស់លោកស្នាក់ដែរ»។
26. បុរសនោះលុតជង្គង់ចុះ ក្រាបថ្វាយបង្គំព្រះអម្ចាស់
27. ទាំងពោលថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ជាម្ចាស់ខ្ញុំ ដែលតែងតែសម្តែងព្រះហឫទ័យសន្តោសមេត្តា និងព្រះហឫទ័យស្មោះត្រង់ចំពោះលោកម្ចាស់ខ្ញុំជានិច្ច! ព្រះអម្ចាស់នាំផ្លូវខ្ញុំ រហូតដល់បានមកជួបបងប្អូនលោកម្ចាស់ខ្ញុំ»។
28. នាងក្រមុំរត់នាំដំណឹងនេះទៅប្រាប់ម្ដាយ។
29. នាងរេបិកាមានបងប្រុសម្នាក់ ឈ្មោះឡាបាន់ ឡាបាន់ក៏រត់ចេញទៅរកបុរសនោះ នៅខាងក្រៅ ជិតអណ្ដូងទឹក
30. ព្រោះគាត់បានឃើញចិញ្ចៀន និងកងដៃដែលពាក់នៅនឹងដៃរបស់ប្អូនស្រី ហើយគាត់ក៏បានឮនាងរេបិកាជាប្អូនរៀបរាប់នូវសេចក្ដីដែលបុរសនោះនិយាយ។ គាត់ក៏ទៅជួបបុរសនោះ ដែលឈរនៅជាមួយអូដ្ឋ ជិតអណ្ដូងទឹក។