15. គាត់និយាយមិនទាន់ទាំងចប់ផង ស្រាប់តែនាងរេបិកាកណ្ដៀតក្អមទឹកចេញពីទីក្រុងមក។ នាងត្រូវជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកស្រីមីលកា និងលោកណាឃរ ដែលជាប្អូនរបស់លោកអប្រាហាំ។
16. នាងមានសម្ផស្សស្អាតល្អណាស់ ហើយក៏ជាស្ត្រីក្រមុំព្រហ្មចារី មិនទាន់រួមរស់ជាមួយបុរសណាឡើយ។ នាងចុះទៅប្រភពទឹក លុះដងទឹកដាក់ពេញក្អមរួចហើយ នាងក៏ឡើងមកវិញ។
17. អ្នកបម្រើរបស់លោកអប្រាហាំរត់ទៅរកនាង ពោលថា៖ «សូមនាងមេត្តាចាក់ទឹកពីក្អមនាង ឲ្យខ្ញុំទទួលទានបន្តិច»។
18. នាងតបមកវិញថា៖ «សូមលោកម្ចាស់អញ្ជើញពិសា!»។ នាងប្រញាប់ប្រញាល់ផ្អៀងក្អមឲ្យទឹកអ្នកបម្រើនោះពិសា។
19. ពេលនាងឲ្យគាត់ពិសាទឹករួចហើយ ក៏ពោលថា៖ «នាងខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋលោកម្ចាស់ផឹកដែរ ទាល់តែវាបានឆ្អែតគ្រប់គ្រាន់»។
20. នាងក៏ប្រញាប់ប្រញាល់ចាក់ទឹកទៅក្នុងស្នូកសត្វ រួចនាងរត់ទៅដងពីអណ្ដូងមកទៀត គឺនាងបានដងទឹកឲ្យអូដ្ឋទាំងអស់ផឹក។
21. បុរសនោះសម្លឹងមើលនាង ហើយនឹកក្នុងចិត្តចង់ដឹងថា តើព្រះជាម្ចាស់ប្រោសឲ្យដំណើររបស់គាត់បានសម្រេចតាមបំណង មែនឬយ៉ាងណា។
22. កាលអូដ្ឋបានផឹកទឹកឆ្អែតហើយ អ្នកបម្រើនោះក៏យកចិញ្ចៀនមាសមួយវង់ ទម្ងន់មួយជីកន្លះ មកឲ្យនាង រួចយកកងដៃមាសមួយគូ ដែលមានទម្ងន់បីតម្លឹង មកពាក់ឲ្យនាងដែរ។
23. គាត់សួរនាងថា៖ «នាងត្រូវជាកូនចៅរបស់លោកណា? សូមមេត្តាប្រាប់ឲ្យខ្ញុំដឹងផង។ តើនៅផ្ទះឪពុកនាង មានកន្លែងឲ្យយើងខ្ញុំស្នាក់នៅយប់នេះបានឬទេ?»។
24. នាងឆ្លើយថា៖ «នាងខ្ញុំជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកយាយមីលកា និងលោកតាណាឃរ»។
25. នាងពោលទៀតថា៖ «នៅផ្ទះយើងមានចំបើង និងស្មៅស្ងួតយ៉ាងច្រើនបរិបូណ៌ ហើយក៏មានកន្លែងជូនអស់លោកស្នាក់ដែរ»។
26. បុរសនោះលុតជង្គង់ចុះ ក្រាបថ្វាយបង្គំព្រះអម្ចាស់