1. លោកអប្រាហាំមានវ័យកាន់តែចាស់ណាស់ទៅហើយ ព្រះអម្ចាស់ក៏បានប្រទានពរលោកសព្វគ្រប់ទាំងអស់។
2. លោកអប្រាហាំមានប្រសាសន៍ទៅកាន់អ្នកបម្រើរបស់លោក ដែលមានវ័យចំណាស់ជាងគេ និងជាអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិទាំងអស់របស់លោកថា៖ «ចូរដាក់ដៃអ្នកនៅក្រោមភ្លៅខ្ញុំ
3. ហើយស្បថដោយយកព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ និងផែនដី ធ្វើជាប្រធានថា អ្នកនឹងមិនដណ្ដឹងកូនស្រីរបស់ជនជាតិកាណាន ដែលខ្ញុំស្នាក់នៅជាមួយនេះ មកធ្វើជាប្រពន្ធរបស់កូនខ្ញុំឡើយ
4. គឺអ្នកត្រូវធ្វើដំណើរទៅស្រុកកំណើតខ្ញុំ ហើយដណ្ដឹងកូនស្រីក្នុងចំណោមញាតិសន្ដានរបស់ខ្ញុំ មកធ្វើជាប្រពន្ធឲ្យអ៊ីសាក ជាកូនរបស់ខ្ញុំវិញ»។
5. អ្នកបម្រើតបថា៖ «ប្រហែលជានាងនោះមិនព្រមតាមខ្ញុំប្របាទមកស្រុកនេះទេមើលទៅ ដូច្នេះ តើគួរឲ្យខ្ញុំប្របាទនាំកូនប្រុសរបស់លោក ទៅស្រុកដែលលោកបានចាកចេញមកនោះឬ?»។
6. លោកអប្រាហាំមានប្រសាសន៍ទៅគាត់ថា៖ «កុំនាំកូនខ្ញុំទៅស្រុកនោះឲ្យសោះ!
7. ព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ ដែលបានយកខ្ញុំចេញពីញាតិសន្ដាន និងពីស្រុកកំណើតរបស់ខ្ញុំ ទ្រង់មានព្រះបន្ទូលមកខ្ញុំ និងបានសន្យាជាមួយខ្ញុំថា ទ្រង់ពិតជានឹងប្រគល់ស្រុកនេះឲ្យពូជពង្សខ្ញុំ។ ដូច្នេះ ព្រះអង្គមុខជាចាត់ទេវតារបស់ព្រះអង្គឲ្យទៅមុនអ្នក ដើម្បីឲ្យអ្នកដណ្ដឹងកូនស្រីម្នាក់ពីស្រុកនោះ មកធ្វើជាប្រពន្ធរបស់កូនប្រុសខ្ញុំ។
8. ប្រសិនបើនាងមិនយល់ព្រមមកតាមអ្នកទេ អ្នកនឹងរួចពីសម្បថនេះ តែកុំនាំកូនប្រុសខ្ញុំទៅស្រុកនោះជាដាច់ខាត»។
9. អ្នកបម្រើក៏ដាក់ដៃក្រោមភ្លៅលោកអប្រាហាំ ជាម្ចាស់របស់គាត់ ទាំងស្បថជូនលោកអំពីរឿងនេះ។
10. អ្នកបម្រើនោះបានយកអូដ្ឋដប់ក្បាល ពីក្នុងហ្វូងអូដ្ឋម្ចាស់របស់គាត់ រួចចេញដំណើរឆ្ពោះទៅក្រុងណាឃរ ក្នុងស្រុកមេសូប៉ូតាមា ដោយនាំយកទ្រព្យដ៏ល្អវិសេសរបស់ម្ចាស់គាត់ទៅជាមួយផង។
11. លុះមកដល់ជិតអណ្ដូងទឹកមួយនៅខាងក្រៅទីក្រុង គាត់ក៏ឲ្យអូដ្ឋទាំងអស់លុតជង្គង់។ ពេលនោះ ល្ងាចហើយ ជាពេលដែលពួកស្ត្រីនាំគ្នាចេញមកដងទឹក។
12. គាត់ក៏អធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ចៅហ្វាយរបស់ទូលបង្គំ សូមព្រះអង្គមេត្តាជួយឲ្យទូលបង្គំបានជួបនឹងនារីម្នាក់ដូចប្រាថ្នាផង។ សូមសម្តែងព្រះហឫទ័យសន្តោសមេត្តាដល់លោកអប្រាហាំជាម្ចាស់ទូលបង្គំផង!
13. ទូលបង្គំឈរនៅជិតអណ្ដូងទឹកនេះស្រាប់ហើយ ហើយក៏មានកូនស្រីអ្នកស្រុកចេញពីទីក្រុងមកដងទឹកដែរ
14. បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ថា “សុំនាងផ្អៀងក្អមឲ្យទឹកខ្ញុំទទួលទានផង” ហើយបើនាងតបមកទូលបង្គំវិញថា “សូមអញ្ជើញពិសាទៅ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់លោកផឹកថែមទៀត” សូមឲ្យបានចំលើនារី ដែលព្រះអង្គបម្រុងទុកធ្វើជាភរិយារបស់លោកអ៊ីសាក ជាម្ចាស់ទូលបង្គំ។ ដូច្នេះ ទូលបង្គំនឹងដឹងច្បាស់ថា ព្រះអង្គពិតជាសម្តែងព្រះហឫទ័យសន្តោសមេត្តាចំពោះលោកម្ចាស់របស់ទូលបង្គំមែន!»។
15. គាត់និយាយមិនទាន់ទាំងចប់ផង ស្រាប់តែនាងរេបិកាកណ្ដៀតក្អមទឹកចេញពីទីក្រុងមក។ នាងត្រូវជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកស្រីមីលកា និងលោកណាឃរ ដែលជាប្អូនរបស់លោកអប្រាហាំ។
16. នាងមានសម្ផស្សស្អាតល្អណាស់ ហើយក៏ជាស្ត្រីក្រមុំព្រហ្មចារី មិនទាន់រួមរស់ជាមួយបុរសណាឡើយ។ នាងចុះទៅប្រភពទឹក លុះដងទឹកដាក់ពេញក្អមរួចហើយ នាងក៏ឡើងមកវិញ។