1. លោកស្រីសារ៉ារស់បានទាំងអស់មួយរយម្ភៃប្រាំពីរឆ្នាំ។
2. ក្រោយមក គាត់ក៏បានទទួលមរណភាពនៅក្រុងគារយ៉ាត់-អើបា ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ លោកអប្រាហាំមករៀបចំបញ្ចុះសពលោកស្រីសារ៉ា និងធ្វើពិធីកាន់ទុក្ខ។
3. បន្ទាប់មក លោកអប្រាហាំចាកចេញពីសាកសពភរិយាទៅនិយាយនឹងជនជាតិហេតដូចតទៅ៖
4. «ខ្ញុំជាជនបរទេស ដែលមកស្នាក់នៅជាមួយបងប្អូន។ សូមបងប្អូនមេត្តាចែកដីបញ្ចុះសពមួយកន្លែង ក្នុងស្រុករបស់បងប្អូនមកខ្ញុំ ដើម្បីឲ្យខ្ញុំអាចបញ្ចុះសពភរិយារបស់ខ្ញុំ ដែលទើបនឹងចែកស្ថានទៅ»។
5. ជនជាតិហេតតបមកលោកអប្រាហាំវិញថា៖
6. «លោកម្ចាស់ សូមមេត្តាស្ដាប់យើងខ្ញុំសិន! ព្រះជាម្ចាស់បានប្រទានឲ្យលោកមានឋានៈខ្ពស់ ក្នុងចំណោមយើងខ្ញុំស្រាប់ហើយ សូមលោកបញ្ចុះសពភរិយារបស់លោក នៅក្នុងចំណោមផ្នូរដ៏ល្អណាមួយរបស់យើងខ្ញុំក៏បាន។ ក្នុងចំណោមយើងខ្ញុំ គ្មាននរណាម្នាក់បដិសេធមិនឲ្យលោកប្រើផ្នូររបស់ខ្លួន សម្រាប់បញ្ចុះសពភរិយារបស់លោកឡើយ»។
7. លោកអប្រាហាំក្រោកឡើង ហើយក្រាបចុះនៅមុខអ្នកស្រុកនោះ គឺនៅមុខជនជាតិហេត។
8. លោកមានប្រសាសន៍ទៅគេថា៖ «បើបងប្អូនពិតជាយល់ព្រមឲ្យខ្ញុំបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនេះមែន សូមមេត្តាជួយនិយាយនឹងលោកអេប្រូន ជាកូនរបស់លោកសូហារឲ្យខ្ញុំផង
9. គឺសូមឲ្យគាត់ផ្ទេរគុហាម៉ាកពេឡា ដែលជាកម្មសិទ្ធិរបស់គាត់មកខ្ញុំ គឺគុហាដែលនៅចុងចម្ការរបស់គាត់។ សូមឲ្យគាត់លក់គុហានោះមកខ្ញុំ គិតតាមតម្លៃពិតប្រាកដ ដើម្បីខ្ញុំយកទីបញ្ចុះសពនោះ ធ្វើជាកម្មសិទ្ធិរបស់ខ្ញុំ នៅកណ្ដាលចំណោមបងប្អូនទាំងអស់គ្នា»។
10. លោកអេប្រូន ជាជនជាតិហេត ក៏អង្គុយរួមជាមួយជនរួមជាតិរបស់គាត់ឯទៀតៗដែរ។ គាត់ឆ្លើយទៅលោកអប្រាហាំវិញ នៅចំពោះមុខជនជាតិហេត និងនៅចំពោះមុខមនុស្សម្នាទាំងប៉ុន្មាន ដែលអង្គុយនៅមាត់ទ្វារក្រុងថា៖