9. លុះមកដល់កន្លែងដែលព្រះជាម្ចាស់បានបង្ហាញប្រាប់ លោកអប្រាហាំសង់អាសនៈមួយ ហើយយកអុសមកគរពីលើ រួចលោកចងអ៊ីសាក ជាកូន យកទៅដាក់ពីលើគំនរអុសនៅលើអាសនៈនោះ។
10. បន្ទាប់មក លោកអប្រាហាំទាញកាំបិតបម្រុងនឹងអារ-កកូនធ្វើយញ្ញបូជា។
11. ពេលនោះ ស្រាប់តែទេវតារបស់ព្រះអម្ចាស់ហៅលោកពីលើមេឃមកថា៖ «អប្រាហាំ អប្រាហាំអើយ!»។ លោកតបថា៖ «ក្រាបទូល!»។
12. ទេវតាពោលថា៖ «កុំប្រហារជីវិតកូនឡើយ កុំធ្វើអ្វីវាឲ្យសោះ ដ្បិតឥឡូវនេះ យើងដឹងថាអ្នកពិតជាកោតខ្លាចព្រះជាម្ចាស់មែន គឺអ្នកពុំបានបដិសេធនឹងប្រគល់កូន ដែលអ្នកមានតែមួយនេះមកយើងឡើយ»។
13. លោកអប្រាហាំងើបមុខឡើង ក្រឡេកទៅខាងក្រោយ ឃើញចៀមឈ្មោលមួយជាប់ស្នែងនឹងគុម្ពោតឈើ។ លោកអប្រាហាំក៏ទៅយកចៀមនោះមក ហើយធ្វើយញ្ញបូជាជំនួសកូនប្រុសរបស់លោក។
14. លោកអប្រាហាំដាក់ឈ្មោះកន្លែងនោះថា «ព្រះអម្ចាស់ផ្គត់ផ្គង់»។ ហេតុនេះហើយបានជាសព្វថ្ងៃនេះគេតែងពោលថា «នៅលើភ្នំរបស់ព្រះអម្ចាស់ ទ្រង់នឹងផ្គត់ផ្គង់ឲ្យ»។
15. ទេវតារបស់ព្រះអម្ចាស់ហៅលោកអប្រាហាំពីលើមេឃម្ដងទៀតថា៖
16. «ព្រះអម្ចាស់មានព្រះបន្ទូលថា ដោយអ្នកបានធ្វើដូច្នេះ គឺអ្នកពុំបានបដិសេធនឹងប្រគល់កូនតែមួយគត់របស់អ្នកមកឲ្យយើង យើងសុំសន្យាជាពាក្យពិតថា យើងពិតជាព្រះអម្ចាស់យ៉ាងណា
17. យើងនឹងប្រទានពរដល់អ្នកដ៏ច្រើនបរិបូណ៌យ៉ាងនោះដែរ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពូជពង្សអ្នកនឹងគ្រប់គ្រងលើនគររបស់ពួកខ្មាំងសត្រូវ។
18. ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរតាមរយៈពូជពង្សរបស់អ្នក ព្រោះអ្នកបានស្ដាប់បង្គាប់យើង»។
19. លោកអប្រាហាំវិលទៅរកពួកក្មេងបម្រើវិញ ហើយក៏នាំគ្នាចេញដំណើរទៅក្រុងបៀរសេបា។ លោកអប្រាហាំស្នាក់អាស្រ័យនៅក្រុងបៀរសេបានោះទៅ។
20. ក្រោយហេតុការណ៍ទាំងនោះមក មានគេនាំដំណឹងមកជម្រាបលោកអប្រាហាំថា៖ «នាងមីលកាក៏បានបង្កើតកូនប្រុសជាច្រើនជូនលោកណាឃរ ជាប្អូនរបស់លោកដែរ គឺមាន