15. ពេលអស់ទឹកពីបំពង់ហើយ នាងទុកកូនចោលនៅក្រោមដើមឈើតូចមួយ
16. រួចនាងទៅអង្គុយដាច់ឡែកពីកូន ចម្ងាយប្រមាណមួយសន្ទុះព្រួញ ដ្បិតនាងពោលថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅមុខខ្ញុំឡើយ!»។ ដូច្នេះ នាងក៏អង្គុយដាច់ឡែកពីកូន ហើយចាប់ផ្ដើមទ្រហោយំ។
17. ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែករបស់ក្មេងនោះ ហើយទេវតារបស់ព្រះជាម្ចាស់ហៅនាងហាការពីលើមេឃមកថា៖ «ហាការអើយ តើនាងមានរឿងអ្វី? កុំព្រួយបារម្ភអ្វីឡើយ ដ្បិតព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែកកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។
18. ចូរក្រោកឡើង ទៅយកកូនប្រុសនាង ហើយចាប់ដៃវាលើកឡើង ដ្បិតយើងនឹងធ្វើឲ្យវាបានទៅជាប្រជាជាតិមួយដ៏ធំ»។
19. ព្រះជាម្ចាស់បានប្រោសឲ្យនាងឃើញអណ្ដូងមួយដែលមានទឹក នាងក៏ដាក់ទឹកពេញបំពង់ រួចយកទៅឲ្យកូនផឹក។
20. ព្រះជាម្ចាស់គង់ជាមួយក្មេងនោះ វាមានវ័យចម្រើនឡើង ហើយរស់នៅតាមវាលរហោស្ថាន និងពូកែបាញ់ធ្នូ។
21. អ៊ីស្មាអែលរស់នៅក្នុងវាលរហោស្ថានស្រុកប៉ារ៉ាន ហើយម្ដាយក៏ដណ្ដឹងកូនស្រីជាតិអេស៊ីបម្នាក់មកឲ្យធ្វើជាភរិយា។
22. នៅគ្រានោះ ព្រះបាទអប៊ីម៉ាឡិចយាងមកជួបលោកអប្រាហាំ ដោយមានលោកភីកុល ជាមេទ័ពរបស់ព្រះអង្គមកជាមួយដែរ។ ស្ដេចមានរាជឱង្ការទៅលោកដូចតទៅ៖ «ព្រះជាម្ចាស់គង់ជាមួយលោកក្នុងគ្រប់កិច្ចការដែលលោកធ្វើ។
23. ដូច្នេះ សូមលោកស្បថជាមួយខ្ញុំនៅពេលនេះ ដោយមានព្រះជាម្ចាស់ជាសាក្សីនៅទីនេះ ថាលោកនឹងមិនក្បត់ខ្ញុំ កូនចៅខ្ញុំ ឬពូជពង្សរបស់ខ្ញុំឡើយ។ ខ្ញុំធ្លាប់មានចិត្តសប្បុរសចំពោះលោកយ៉ាងណា សូមលោកមានចិត្តសប្បុរសចំពោះខ្ញុំ និងទឹកដីដែលលោកស្នាក់នៅនេះយ៉ាងនោះដែរ»។
24. លោកអប្រាហាំទូលស្ដេចថា៖ «ទូលបង្គំសូមស្បថដូច្នេះ!»។
25. ប៉ុន្តែ លោកអប្រាហាំប្ដឹងព្រះបាទអប៊ីម៉ាឡិចស្ដីអំពីអណ្ដូងទឹក ដែលប្រជារាស្ត្ររបស់ព្រះបាទអប៊ីម៉ាឡិចបានដណ្ដើមយកពីលោក។
26. ព្រះបាទអប៊ីម៉ាឡិចតបវិញថា៖ «ខ្ញុំមិនដឹងថានរណាបានធ្វើដូច្នេះទេ ព្រោះលោកពុំបានប្រាប់ឲ្យខ្ញុំដឹង គឺខ្ញុំទើបតែដឹងនៅពេលនេះប៉ុណ្ណោះ»។
27. លោកអប្រាហាំបានយកចៀម និងគោ មកថ្វាយព្រះបាទអប៊ីម៉ាឡិច រួចលោកទាំងពីរចងសម្ពន្ធមេត្រីជាមួយគ្នា។
28. លោកអប្រាហាំញែកចៀមញីស្ទាវៗប្រាំពីរក្បាលទុកដោយឡែក។