លោកុ‌ប្បត្តិ 21:15-26 Khmer Standard Version (KHSV)

15. ពេល​អស់​ទឹក​ពី​បំពង់​ហើយ នាង​ទុក​កូន​ចោល​នៅ​ក្រោម​ដើម​ឈើ​តូច​មួយ

16. រួច​នាង​ទៅ​អង្គុយ​ដាច់​ឡែក​ពី​កូន ចម្ងាយ​ប្រមាណ​មួយ​សន្ទុះ​ព្រួញ ដ្បិត​នាង​ពោល​ថា៖ «ខ្ញុំ​មិន​ចង់​ឃើញ​កូន​ស្លាប់​នៅ​មុខ​ខ្ញុំ​ឡើយ!»។ ដូច្នេះ នាង​ក៏​អង្គុយ​ដាច់​ឡែក​ពី​កូន ហើយ​ចាប់​ផ្ដើម​ទ្រហោ​យំ។

17. ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សម្រែក​របស់​ក្មេង​នោះ ហើយ​ទេវតា​របស់​ព្រះ‌ជាម្ចាស់​ហៅ​នាង​ហាការ​ពី​លើ​មេឃ​មក​ថា៖ «ហាការ​អើយ តើ​នាង​មាន​រឿង​អ្វី? កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សម្រែក​កូន​របស់​នាង នៅ​កន្លែង​ដែល​វា​អង្គុយ​នោះ​ហើយ។

18. ចូរ​ក្រោក​ឡើង ទៅ​យក​កូន​ប្រុស​នាង ហើយ​ចាប់​ដៃ​វា​លើក​ឡើង ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​វា​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ»។

19. ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​នាង​ឃើញ​អណ្ដូង​មួយ​ដែល​មាន​ទឹក នាង​ក៏​ដាក់​ទឹក​ពេញ​បំពង់ រួច​យក​ទៅ​ឲ្យ​កូន​ផឹក។

20. ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ក្មេង​នោះ វា​មាន​វ័យ​ចម្រើន​ឡើង ហើយ​រស់​នៅ​តាម​វាល​រហោ‌ស្ថាន និង​ពូកែ​បាញ់​ធ្នូ។

21. អ៊ីស្មា‌អែល​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ស្រុក​ប៉ារ៉ាន ហើយ​ម្ដាយ​ក៏​ដណ្ដឹង​កូន​ស្រី​ជាតិ​អេស៊ីប​ម្នាក់​មក​ឲ្យ​ធ្វើ​ជា​ភរិយា។

22. នៅ​គ្រា​នោះ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​យាង​មក​ជួប​លោក​អប្រាហាំ ដោយ​មាន​លោក​ភីកុល ជា​មេ‌ទ័ព​របស់​ព្រះ‌អង្គ​មក​ជា​មួយ​ដែរ។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​លោក​ដូច​ត​ទៅ៖ «ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​លោក​ក្នុង​គ្រប់​កិច្ចការ​ដែល​លោក​ធ្វើ។

23. ដូច្នេះ សូម​លោក​ស្បថ​ជា​មួយ​ខ្ញុំ​នៅ​ពេល​នេះ ដោយ​មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​នៅ​ទី​នេះ ថា​លោក​នឹង​មិន​ក្បត់​ខ្ញុំ កូន​ចៅ​ខ្ញុំ ឬ​ពូជ‌ពង្ស​របស់​ខ្ញុំ​ឡើយ។ ខ្ញុំ​ធ្លាប់​មាន​ចិត្ត​សប្បុរស​ចំពោះ​លោក​យ៉ាង​ណា សូម​លោក​មាន​ចិត្ត​សប្បុរស​ចំពោះ​ខ្ញុំ និង​ទឹក​ដី​ដែល​លោក​ស្នាក់​នៅ​នេះ​យ៉ាង​នោះ​ដែរ»។

24. លោក​អប្រាហាំ​ទូល​ស្ដេច​ថា៖ «ទូលបង្គំ​សូម​ស្បថ​ដូច្នេះ!»។

25. ប៉ុន្តែ លោក​អប្រាហាំ​ប្ដឹង​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ស្ដី​អំពី​អណ្ដូង​ទឹក ដែល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បាន​ដណ្ដើម​យក​ពី​លោក។

26. ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​តប​វិញ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​នរណា​បាន​ធ្វើ​ដូច្នេះ​ទេ ព្រោះ​លោក​ពុំ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង គឺ​ខ្ញុំ​ទើប​តែ​ដឹង​នៅ​ពេល​នេះ​ប៉ុណ្ណោះ»។

លោកុ‌ប្បត្តិ 21