11. ពាក្យនេះធ្វើឲ្យលោកអប្រាហាំពិបាកចិត្តយ៉ាងខ្លាំង ព្រោះអ៊ីស្មាអែលក៏ជាកូនរបស់លោកដែរ។
12. ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំថា៖ «កុំពិបាកចិត្ត ព្រោះតែក្មេងនេះ ព្រមទាំងស្រីបម្រើរបស់អ្នកឡើយ។ ចូរប្រព្រឹត្តតាមពាក្យទាំងអស់ដែលសារ៉ាសុំនោះទៅ ដ្បិតមានតែកូនចៅរបស់អ៊ីសាកប៉ុណ្ណោះទេ ដែលនឹងស្នងត្រកូលឲ្យអ្នក។
13. រីឯកូនប្រុសរបស់ស្រីបម្រើនោះវិញ យើងនឹងធ្វើឲ្យវាបានទៅជាប្រជាជាតិមួយ ដ្បិតវាក៏ជាពូជពង្សរបស់អ្នកដែរ»។
14. ស្អែកឡើងលោកអប្រាហាំក្រោកពីព្រលឹម យកស្បៀងអាហារ និងបំពង់ទឹក ប្រគល់ឲ្យនាងហាការ ដោយលើកដាក់លើ-កនាង។ លោកក៏ប្រគល់កូនទៅឲ្យនាង រួចប្រាប់នាងឲ្យចេញទៅ។ នាងហាការចាកចេញពីទីនោះ ហើយវិលវល់នៅក្នុងវាលរហោស្ថានជិតក្រុងបៀរសេបា។
15. ពេលអស់ទឹកពីបំពង់ហើយ នាងទុកកូនចោលនៅក្រោមដើមឈើតូចមួយ
16. រួចនាងទៅអង្គុយដាច់ឡែកពីកូន ចម្ងាយប្រមាណមួយសន្ទុះព្រួញ ដ្បិតនាងពោលថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅមុខខ្ញុំឡើយ!»។ ដូច្នេះ នាងក៏អង្គុយដាច់ឡែកពីកូន ហើយចាប់ផ្ដើមទ្រហោយំ។
17. ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែករបស់ក្មេងនោះ ហើយទេវតារបស់ព្រះជាម្ចាស់ហៅនាងហាការពីលើមេឃមកថា៖ «ហាការអើយ តើនាងមានរឿងអ្វី? កុំព្រួយបារម្ភអ្វីឡើយ ដ្បិតព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែកកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។
18. ចូរក្រោកឡើង ទៅយកកូនប្រុសនាង ហើយចាប់ដៃវាលើកឡើង ដ្បិតយើងនឹងធ្វើឲ្យវាបានទៅជាប្រជាជាតិមួយដ៏ធំ»។
19. ព្រះជាម្ចាស់បានប្រោសឲ្យនាងឃើញអណ្ដូងមួយដែលមានទឹក នាងក៏ដាក់ទឹកពេញបំពង់ រួចយកទៅឲ្យកូនផឹក។
20. ព្រះជាម្ចាស់គង់ជាមួយក្មេងនោះ វាមានវ័យចម្រើនឡើង ហើយរស់នៅតាមវាលរហោស្ថាន និងពូកែបាញ់ធ្នូ។