លោកុ‌ប្បត្តិ 21:1-8 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​បាន​ប្រោស‌ប្រណី​លោក​ស្រី​សារ៉ា ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទុក គឺ​ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​គាត់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

2. លោក​ស្រី​សារ៉ា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ​ជូន​លោក​អប្រាហាំ ក្នុង​ពេល​លោក​មាន​វ័យ​ចាស់​ជរា ត្រូវ​តាម​ពេល​កំណត់​ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក។

3. លោក​ដាក់​ឈ្មោះ​កូន​ដែល​កើត​មក​នោះ គឺ​កូន​ដែល​លោក​ស្រី​សារ៉ា​បាន​បង្កើត​ជូន​លោក​ថា “អ៊ីសាក”។

4. ពេល​អ៊ីសាក​ជា​កូន​កើត​បាន​ប្រាំ​បី​ថ្ងៃ លោក​អប្រាហាំ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ ស្រប​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់។

5. ពេល​អ៊ីសាក​ជា​កូន​កើត​មក​នោះ លោក​អប្រាហាំ​មាន​អាយុ​មួយ​រយ​ឆ្នាំ​ហើយ។

6. ពេល​នោះ លោក​ស្រី​សារ៉ា​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​អស់​សំណើច​ពី​ខ្ញុំ គឺ​អ្នក​ណា​ដឹង​រឿង​ខ្ញុំ គេ​មុខ​ជា​សើច​មិន​ខាន»។

7. គាត់​ពោល​ទៀត​ថា៖ «តើ​នរណា​អាច​នឹក​ភ្នក​និយាយ​ទៅ​លោក​អប្រាហាំ​ថា “ថ្ងៃ​មួយ អ្នក​សារ៉ា​ត្រូវ​បំបៅ​កូន”? ក៏​ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​មួយ​ជូន​លោក ក្នុង​គ្រា​ដែល​លោក​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ»។

8. លុះ​អ៊ីសាក​បាន​ធំ​បន្តិច ហើយ​ត្រូវ​ផ្ដាច់​ដោះ លោក​អប្រាហាំ​រៀបចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ នៅ​ថ្ងៃ​ផ្ដាច់​ដោះ​នោះ។

លោកុ‌ប្បត្តិ 21