1. ព្រះអម្ចាស់បានប្រោសប្រណីលោកស្រីសារ៉ា ស្របតាមសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលទុក គឺព្រះអង្គប្រព្រឹត្តចំពោះគាត់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ។
2. លោកស្រីសារ៉ាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយជូនលោកអប្រាហាំ ក្នុងពេលលោកមានវ័យចាស់ជរា ត្រូវតាមពេលកំណត់ដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់លោក។
3. លោកដាក់ឈ្មោះកូនដែលកើតមកនោះ គឺកូនដែលលោកស្រីសារ៉ាបានបង្កើតជូនលោកថា “អ៊ីសាក”។
4. ពេលអ៊ីសាកជាកូនកើតបានប្រាំបីថ្ងៃ លោកអប្រាហាំធ្វើពិធីកាត់ស្បែកឲ្យ ស្របតាមព្រះបញ្ជារបស់ព្រះជាម្ចាស់។
5. ពេលអ៊ីសាកជាកូនកើតមកនោះ លោកអប្រាហាំមានអាយុមួយរយឆ្នាំហើយ។
6. ពេលនោះ លោកស្រីសារ៉ាពោលថា៖ «ព្រះជាម្ចាស់បានធ្វើឲ្យមនុស្សម្នាអស់សំណើចពីខ្ញុំ គឺអ្នកណាដឹងរឿងខ្ញុំ គេមុខជាសើចមិនខាន»។
7. គាត់ពោលទៀតថា៖ «តើនរណាអាចនឹកភ្នកនិយាយទៅលោកអប្រាហាំថា “ថ្ងៃមួយ អ្នកសារ៉ាត្រូវបំបៅកូន”? ក៏ប៉ុន្តែ ឥឡូវនេះ ខ្ញុំបានបង្កើតកូនប្រុសមួយជូនលោក ក្នុងគ្រាដែលលោកមានវ័យចាស់ណាស់ទៅហើយ»។
8. លុះអ៊ីសាកបានធំបន្តិច ហើយត្រូវផ្ដាច់ដោះ លោកអប្រាហាំរៀបចំពិធីជប់លៀងមួយយ៉ាងធំ នៅថ្ងៃផ្ដាច់ដោះនោះ។
9. លោកស្រីសារ៉ាឃើញអ៊ីស្មាអែល ជាកូនដែលនាងហាការ ស្ត្រីសាសន៍អេស៊ីប បង្កើតជូនលោកអប្រាហាំ កំពុងតែសើចលេង
10. គាត់ជម្រាបលោកអប្រាហាំថា៖ «សូមបណ្ដេញស្រីបម្រើនេះ និងកូនវាចេញទៅ ដ្បិតមិនត្រូវឲ្យកូនរបស់ស្រីបម្រើនេះទទួលមត៌ករួមជាមួយអ៊ីសាក កូនរបស់ខ្ញុំឡើយ»។
11. ពាក្យនេះធ្វើឲ្យលោកអប្រាហាំពិបាកចិត្តយ៉ាងខ្លាំង ព្រោះអ៊ីស្មាអែលក៏ជាកូនរបស់លោកដែរ។
12. ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំថា៖ «កុំពិបាកចិត្ត ព្រោះតែក្មេងនេះ ព្រមទាំងស្រីបម្រើរបស់អ្នកឡើយ។ ចូរប្រព្រឹត្តតាមពាក្យទាំងអស់ដែលសារ៉ាសុំនោះទៅ ដ្បិតមានតែកូនចៅរបស់អ៊ីសាកប៉ុណ្ណោះទេ ដែលនឹងស្នងត្រកូលឲ្យអ្នក។
13. រីឯកូនប្រុសរបស់ស្រីបម្រើនោះវិញ យើងនឹងធ្វើឲ្យវាបានទៅជាប្រជាជាតិមួយ ដ្បិតវាក៏ជាពូជពង្សរបស់អ្នកដែរ»។
14. ស្អែកឡើងលោកអប្រាហាំក្រោកពីព្រលឹម យកស្បៀងអាហារ និងបំពង់ទឹក ប្រគល់ឲ្យនាងហាការ ដោយលើកដាក់លើ-កនាង។ លោកក៏ប្រគល់កូនទៅឲ្យនាង រួចប្រាប់នាងឲ្យចេញទៅ។ នាងហាការចាកចេញពីទីនោះ ហើយវិលវល់នៅក្នុងវាលរហោស្ថានជិតក្រុងបៀរសេបា។
15. ពេលអស់ទឹកពីបំពង់ហើយ នាងទុកកូនចោលនៅក្រោមដើមឈើតូចមួយ
16. រួចនាងទៅអង្គុយដាច់ឡែកពីកូន ចម្ងាយប្រមាណមួយសន្ទុះព្រួញ ដ្បិតនាងពោលថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅមុខខ្ញុំឡើយ!»។ ដូច្នេះ នាងក៏អង្គុយដាច់ឡែកពីកូន ហើយចាប់ផ្ដើមទ្រហោយំ។
17. ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែករបស់ក្មេងនោះ ហើយទេវតារបស់ព្រះជាម្ចាស់ហៅនាងហាការពីលើមេឃមកថា៖ «ហាការអើយ តើនាងមានរឿងអ្វី? កុំព្រួយបារម្ភអ្វីឡើយ ដ្បិតព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែកកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។