8. ព្រះបាទអប៊ីម៉ាឡិចក្រោកឡើងពីព្រលឹម ស្ដេចកោះហៅអ្នកបម្រើទាំងអស់មក ហើយរៀបរាប់ប្រាប់អំពីហេតុការណ៍អស់ទាំងនេះ។ ពួកបម្រើរបស់ស្ដេចព្រឺខ្លាចជាខ្លាំង។
9. ព្រះបាទអប៊ីម៉ាឡិចហៅលោកអប្រាហាំមក រួចមានរាជឱង្ការថា៖ «ហេតុដូចម្ដេចបានជាលោកធ្វើដូច្នេះចំពោះយើង? តើខ្ញុំបានធ្វើអ្វីខុសចំពោះលោក បានជាលោកនាំទាំងនគររបស់ខ្ញុំ ទាំងខ្ញុំ ឲ្យប្រព្រឹត្តអំពើបាបដ៏ធ្ងន់បែបនេះ? លោកប្រព្រឹត្តចំពោះខ្ញុំតាមរបៀបដែលមិនគួរប្រព្រឹត្តទាល់តែសោះ!»។
10. បន្ទាប់មក ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការទៅកាន់លោកអប្រាហាំទៀតថា៖ «តើលោកមានគោលបំណងអ្វីបានជាប្រព្រឹត្តបែបនេះ?»។
11. លោកអប្រាហាំតបថា៖ «ទូលបង្គំនឹកគិតថា នៅស្រុកនេះ ប្រហែលជាគ្មាននរណាម្នាក់កោតខ្លាចព្រះជាម្ចាស់ទេមើលទៅ គេមុខជាប្រហារជីវិតទូលបង្គំ ព្រោះតែប្រពន្ធទូលបង្គំមិនខាន។
12. មួយវិញទៀត នាងពិតជាប្អូនស្រីរបស់ទូលបង្គំមែន ព្រោះនាងជាកូនស្រីរបស់ឪពុកទូលបង្គំដែរ តែម្ដាយទីទៃពីគ្នា រួចនាងក៏បានរៀបការជាមួយទូលបង្គំ។
13. នៅពេលព្រះជាម្ចាស់នាំទូលបង្គំចាកចេញឆ្ងាយពីញាតិសន្ដានរបស់ទូលបង្គំ ទូលបង្គំបានប្រាប់នាងសារ៉ាថា “នៅទីណាដែលយើងទៅ សុំអាណិតមេត្តាបងផង តោងប្រាប់គេថា បងត្រូវជាបងបង្កើតរបស់ប្អូន”»។
14. ព្រះបាទអប៊ីម៉ាឡិចបានយកចៀម យកគោពីក្នុងហ្វូងសត្វរបស់ស្ដេច ព្រមទាំងនាំខ្ញុំបម្រើប្រុសស្រីមកជូនលោកអប្រាហាំ ហើយក៏បានប្រគល់លោកស្រីសារ៉ាជូនលោកវិញដែរ។
15. ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការថា៖ «មើល៍ ស្រុករបស់ខ្ញុំស្ថិតនៅចំពោះមុខលោកស្រាប់ហើយ លោកចង់តាំងទីលំនៅនៅទីណាក៏បាន តាមតែលោកពេញចិត្ត»។