4. ព្រះបាទអប៊ីម៉ាឡិចពុំទាន់បានប៉ះពាល់លោកស្រីសារ៉ានៅឡើយទេ ស្ដេចទូលវិញថា៖ «បពិត្រព្រះអម្ចាស់ តើព្រះអង្គនឹងប្រហារជីវិតប្រជាជាតិមួយ ទោះបីជាតិនោះសុចរិតក៏ដោយឬ?
5. បុរសនោះទេតើដែលបានប្រាប់ទូលបង្គំថា“នាងត្រូវជាប្អូនខ្ញុំ” ហើយស្ត្រីនោះផ្ទាល់ក៏បានប្រាប់ទូលបង្គំថា“គាត់ត្រូវជាបងខ្ញុំ”ដែរ។ ទូលបង្គំប្រព្រឹត្តដូច្នេះ ដោយចិត្តស្អាតស្អំទេ ហើយដៃទូលបង្គំក៏ឥតសៅហ្មងដែរ»។
6. ព្រះជាម្ចាស់មានព្រះបន្ទូលមកស្ដេចវិញ ក្នុងសុបិននិមិត្តនោះថា៖ «យើងក៏ដឹងច្បាស់ដែរថា អ្នកធ្វើដូច្នេះ ដោយចិត្តស្អាតស្អំ ហេតុនេះហើយបានជាយើងមកឃាត់អ្នក កុំឲ្យប្រព្រឹត្តអំពើបាបទាស់នឹងយើង។ យើងមិនបណ្ដោយឲ្យអ្នកប៉ះពាល់នាងឡើយ។
7. ឥឡូវនេះ ចូរប្រគល់នាងទៅឲ្យបុរសនោះវិញទៅ ដ្បិតគាត់ជាព្យាការីមួយរូប គាត់នឹងទូលអង្វរឲ្យអ្នក ដើម្បីឲ្យអ្នកបានរួចជីវិត។ ប្រសិនបើអ្នកមិនប្រគល់នាងទៅឲ្យគាត់វិញទេ តោងដឹងថា អ្នកមុខជាត្រូវស្លាប់ជាមួយញាតិវង្សរបស់អ្នកមិនខាន»។
8. ព្រះបាទអប៊ីម៉ាឡិចក្រោកឡើងពីព្រលឹម ស្ដេចកោះហៅអ្នកបម្រើទាំងអស់មក ហើយរៀបរាប់ប្រាប់អំពីហេតុការណ៍អស់ទាំងនេះ។ ពួកបម្រើរបស់ស្ដេចព្រឺខ្លាចជាខ្លាំង។
9. ព្រះបាទអប៊ីម៉ាឡិចហៅលោកអប្រាហាំមក រួចមានរាជឱង្ការថា៖ «ហេតុដូចម្ដេចបានជាលោកធ្វើដូច្នេះចំពោះយើង? តើខ្ញុំបានធ្វើអ្វីខុសចំពោះលោក បានជាលោកនាំទាំងនគររបស់ខ្ញុំ ទាំងខ្ញុំ ឲ្យប្រព្រឹត្តអំពើបាបដ៏ធ្ងន់បែបនេះ? លោកប្រព្រឹត្តចំពោះខ្ញុំតាមរបៀបដែលមិនគួរប្រព្រឹត្តទាល់តែសោះ!»។
10. បន្ទាប់មក ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការទៅកាន់លោកអប្រាហាំទៀតថា៖ «តើលោកមានគោលបំណងអ្វីបានជាប្រព្រឹត្តបែបនេះ?»។
11. លោកអប្រាហាំតបថា៖ «ទូលបង្គំនឹកគិតថា នៅស្រុកនេះ ប្រហែលជាគ្មាននរណាម្នាក់កោតខ្លាចព្រះជាម្ចាស់ទេមើលទៅ គេមុខជាប្រហារជីវិតទូលបង្គំ ព្រោះតែប្រពន្ធទូលបង្គំមិនខាន។