2. នៅថ្ងៃទីប្រាំពីរ ព្រះជាម្ចាស់បង្ហើយកិច្ចការដែលព្រះអង្គបានធ្វើ គឺក្រោយពីបានបញ្ចប់កិច្ចការទាំងនោះមក ព្រះអង្គក៏ឈប់សម្រាកនៅថ្ងៃទីប្រាំពីរ។
3. ព្រះជាម្ចាស់ប្រទានពរឲ្យថ្ងៃទីប្រាំពីរ និងញែកថ្ងៃនោះឲ្យបានវិសុទ្ធ* ដ្បិតថ្ងៃនោះ ព្រះអង្គបញ្ចប់កិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានបង្កើត។
4. នេះហើយជាដើមកំណើតរបស់ផ្ទៃមេឃ និងផែនដី នៅគ្រាដែលព្រះជាម្ចាស់បានបង្កើតមក។ពេលព្រះជាអម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី
5. នៅលើផែនដីពុំទាន់មានកូនឈើអ្វីតាមទីវាលទេ សូម្បីតែស្មៅមួយទងក៏ពុំទាន់ពន្លកចេញមកដែរ ដ្បិតព្រះជាអម្ចាស់ពុំទាន់បានធ្វើឲ្យមានភ្លៀងធ្លាក់មកលើផែនដីនៅឡើយ ហើយក៏គ្មានមនុស្សភ្ជួររាស់ដែរ។
6. ប៉ុន្តែ មានទឹកហូរចេញពីដីមកស្រោចស្រពផ្ទៃដីទាំងមូល។
7. ព្រះជាអម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចព្រះអង្គផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
8. ព្រះជាអម្ចាស់បានធ្វើសួនឧទ្យានមួយ ក្នុងស្រុកអេដែន ដែលនៅខាងកើត រួចយកមនុស្ស ដែលព្រះអង្គបានសូន ទៅដាក់ក្នុងសួនឧទ្យាននោះ។
9. ព្រះជាអម្ចាស់បានធ្វើឲ្យដើមឈើគ្រប់មុខដុះចេញពីដីមក មានសម្រស់គួរឲ្យទាក់ទាញចិត្ត និងមានផ្លែឆ្ងាញ់ពិសាផង។ នៅកណ្ដាលសួនឧទ្យានក៏មានដើមឈើដែលផ្ដល់ជីវិត និងដើមឈើដែលនាំឲ្យស្គាល់ល្អស្គាល់អាក្រក់ដែរ។
10. មានទន្លេមួយហូរចេញពីស្រុកអេដែន មកស្រោចស្រពសួនឧទ្យាន ហើយនៅត្រង់សួនឧទ្យានទន្លេនោះក៏បែកចេញជាបួន។
11. ដៃទន្លេទីមួយឈ្មោះ ពីសុន គឺទន្លេនេះហើយដែលហូរព័ទ្ធស្រុកហាវីឡា ជាស្រុកដែលមានមាស។
12. មាសនៅស្រុកនេះមានគុណភាពល្អ ហើយក៏មានជ័រប្តេល្លាម និងត្បូងអូនីក្សដែរ។