18. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «បើមនុស្សប្រុសនៅតែឯងដូច្នេះ មិនល្អទេ។ យើងនឹងបង្កើតម្នាក់ទៀតឲ្យជួយ និងបានជាគ្នា»។
19. ព្រះជាអម្ចាស់បានយកដីមកសូនធ្វើជាសត្វស្រុកគ្រប់យ៉ាង និងធ្វើជាបក្សាបក្សីគ្រប់យ៉ាងដែលហើរនៅលើអាកាស រួចព្រះអង្គនាំសត្វទាំងនោះមកឲ្យមនុស្ស ព្រោះទ្រង់ចង់ជ្រាបថា គេនឹងដាក់ឈ្មោះឲ្យវាយ៉ាងណា។ ដូច្នេះ សត្វទាំងអស់មានឈ្មោះតាមដែលមនុស្សដាក់ឲ្យ។
20. មនុស្សបានដាក់ឈ្មោះឲ្យសត្វស្រុកទាំងអស់ ឲ្យបក្សាបក្សីដែលហើរនៅលើមេឃ និងឲ្យសត្វព្រៃទាំងប៉ុន្មានដែរ ប៉ុន្តែ គាត់ពុំឃើញមានសត្វណាមួយដែលអាចជួយ និងយកមកធ្វើជាគ្នាបានឡើយ។
21. ដូច្នេះ ព្រះជាអម្ចាស់បានធ្វើឲ្យមនុស្សដេកលង់លក់បាត់ស្មារតី។ ព្រះអង្គយកឆ្អឹងជំនីរមួយរបស់គាត់ចេញមក រួចភ្ជិតសាច់ទៅវិញ។
22. ព្រះជាអម្ចាស់យកឆ្អឹងជំនីរដែលទ្រង់បានហូតចេញពីមនុស្ស មកធ្វើជាស្ត្រី រួចទ្រង់នាំនាងមកជួបគាត់។
23. បុរសក៏ពោលឡើងថា៖«លើកនេះពិតជាឆ្អឹងដែលកើតចេញមកពីឆ្អឹងអញជាសាច់ដែលកើតចេញមកពីសាច់អញត្រូវហៅនាងថា “ស្ត្រី”ព្រោះនាងបានកើតចេញពីបុរសមក»។
24. ហេតុនេះ បុរសចាកចេញពីឪពុកម្ដាយទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ។
25. ពេលនោះ បុរស និងភរិយារបស់គាត់នៅខ្លួនទទេទាំងពីរនាក់ ប៉ុន្តែ គេមិនអៀនខ្មាសទេ។