3. ប៉ុន្តែ ដោយលោកឡុតចេះតែទទូចអង្វរខ្លាំងពេក ទេវតាទាំងពីរក៏ចូលទៅផ្ទះគាត់។ គាត់បានរៀបចំម្ហូបអាហារ និងឲ្យគេដុតនំប៉័ងឥតមេជូនទេវតា ទេវតាក៏បរិភោគ។
4. ពេលនោះ គេមិនទាន់ចូលដំណេកនៅឡើយទេ ស្រាប់តែមានអ្នកក្រុងនោះ គឺប្រុសៗនៅក្រុងសូដុមគ្រប់ៗគ្នា តាំងពីក្មេងរហូតដល់ចាស់ នាំគ្នាឡោមព័ទ្ធផ្ទះលោកឡុត។
5. គេស្រែកសួរលោកឡុតថា៖ «តើពួកអ្នកដែលចូលមកផ្ទះអ្នកឯងពីល្ងាចមិញនៅឯណា? ចូរឲ្យគេចេញមក! យើងនឹងរួមដំណេកជាមួយពួកគេ»។
6. លោកឡុតចេញមកជួបពួកគេនៅមាត់ទ្វារ ហើយបិទទ្វារពីក្រោយខ្នងវិញ។
7. គាត់ពោលថា៖ «បងប្អូនអើយ សូមមេត្តាកុំប្រព្រឹត្តអំពើអាក្រក់អី!
8. ខ្ញុំសូមអង្វរបងប្អូនទៅចុះ មើល៍ ខ្ញុំមានកូនស្រីពីរនាក់ ដែលពុំទាន់រួមរស់ជាមួយបុរសណានៅឡើយទេ ខ្ញុំនឹងនាំវាចេញមកជូនបងប្អូននៅខាងក្រៅ ឲ្យបងប្អូនប្រព្រឹត្តតាមអំពើចិត្តទៅចុះ ក៏ប៉ុន្តែ សូមមេត្តាកុំប៉ះពាល់បុរសទាំងនេះ ដែលបានមកស្នាក់នៅក្រោមដំបូលផ្ទះខ្ញុំឡើយ»។
9. ពួកគេតបថា៖ «ថយទៅ!»។ គេពោលទៀតថា៖ «មើល៍ ជនបរទេសម្នាក់នេះមកនៅស្រុកយើង តែឥឡូវបែរជាចង់ធ្វើម្ចាស់ស្រុកទៅវិញ! ទេមិនបានទេ យើងនឹងធ្វើបាបអ្នកឯងខ្លាំងជាងជនពីរនាក់នោះទៅទៀត»។ ពួកគេក៏ច្រានលោកឡុតយ៉ាងខ្លាំង ហើយនាំគ្នាចូលទៅ បម្រុងនឹងទម្លាយទ្វារ។
10. ពេលនោះ ទេវតាទាំងពីរលូកដៃទៅទាញលោកឡុតចូលមកក្នុងផ្ទះ រួចបិទទ្វារជិតវិញ។
11. បន្ទាប់មក ទេវតាបានធ្វើឲ្យពួកអ្នកដែលនៅមាត់ទ្វារ ខ្វាក់ភ្នែកទាំងអស់គ្នា តាំងពីតូចដល់ធំ ដូច្នេះ ពួកគេពុំអាចរកមាត់ទ្វារចូលទៅក្នុងផ្ទះបានឡើយ។
12. ទេវតាពោលទៅលោកឡុតថា៖ «តើមាននរណាខ្លះនៅជាមួយលោក? បើមានកូនប្រសា កូនប្រុស កូនស្រី និងមានអ្វីទៀតជាកម្មសិទ្ធិរបស់លោកនៅក្នុងក្រុង ចូរនាំចេញពីកន្លែងនេះទៅ
13. ដ្បិតយើងនឹងរំលាយក្រុងនេះចោល ពីព្រោះពាក្យចោទប្រកាន់ក្រុងនេះបានលាន់ឮជាខ្លាំង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ព្រះអម្ចាស់បានចាត់ពួកយើងឲ្យមករំលាយក្រុងនេះចោល»។
14. លោកឡុតក៏ចេញទៅប្រាប់កូនប្រសាប្រុសៗ ដែលបានរៀបការជាមួយកូនស្រីរបស់គាត់ថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីទីនេះទៅ ដ្បិតព្រះអម្ចាស់នឹងរំលាយទីក្រុងចោល!»។ ប៉ុន្តែ កូនប្រសារបស់គាត់យល់ឃើញថា គាត់គ្រាន់តែនិយាយលេងប៉ុណ្ណោះ។
15. ពេលភ្លឺស្រាងៗទេវតានាំគ្នាបង្ខំលោកឡុតថា៖ «ចូរក្រោកឡើង នាំប្រពន្ធ និងកូនស្រីទាំងពីររបស់លោកដែលនៅជាមួយចេញទៅ កុំឲ្យវិនាស ព្រោះតែអំពើទុច្ចរិតរបស់ក្រុងនេះឡើយ»។
16. ប៉ុន្តែ ដោយលោកឡុតនៅបង្អែបង្អង់ ទេវតាក៏ចាប់ដៃគាត់ ប្រពន្ធគាត់ និងកូនស្រីគាត់ទាំងពីរ ទាញចេញទៅទុកឲ្យនៅខាងក្រៅទីក្រុង ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យគាត់បានរួចជីវិត។
17. ពេលនាំគាត់ចេញផុតពីក្រុងនោះ ទេវតាម្នាក់ពោលថា៖ «ចូររត់ឲ្យរួចជីវិតទៅ! កុំងាកមើលក្រោយ! កុំឈប់នៅតំបន់វាលរាបឲ្យសោះ! ចូររត់ទៅតំបន់ភ្នំ ដើម្បីឲ្យរួចអាយុជីវិត»។
18. លោកឡុតពោលទៅទេវតាវិញថា៖ «លោកម្ចាស់អើយ សូមមេត្តាស្ដាប់ពាក្យអង្វររបស់ខ្ញុំប្របាទផង!
19. សូមលោកម្ចាស់អធ្យាស្រ័យទៅចុះ ដ្បិតលោកម្ចាស់សម្តែងសប្បុរសធម៌យ៉ាងខ្លាំងចំពោះខ្ញុំប្របាទ ដោយទុកជីវិតខ្ញុំប្របាទឲ្យនៅរស់។ ប៉ុន្តែ ខ្ញុំប្របាទពុំអាចរត់ទៅតំបន់ភ្នំទាន់ទេ ព្រោះខ្ញុំប្របាទមុខជាជួបនឹងមហន្តរាយនេះ ហើយត្រូវស្លាប់មិនខាន។
20. សូមលោកម្ចាស់អធ្យាស្រ័យឲ្យខ្ញុំប្របាទផង មើល៍ មានក្រុងមួយនៅជិតនេះស្រាប់ ខ្ញុំប្របាទអាចរត់ទៅជ្រកកោនបាន ព្រោះក្រុងនេះតូចទេ! សូមមេត្តាឲ្យខ្ញុំប្របាទរត់ទៅជ្រកនៅក្រុងនោះ ដ្បិតក្រុងនោះពិតជាតូចមែន! ខ្ញុំប្របាទនឹងស្នាក់នៅទីនោះ ឲ្យបានរួចជីវិត»។