15. ពេលភ្លឺស្រាងៗទេវតានាំគ្នាបង្ខំលោកឡុតថា៖ «ចូរក្រោកឡើង នាំប្រពន្ធ និងកូនស្រីទាំងពីររបស់លោកដែលនៅជាមួយចេញទៅ កុំឲ្យវិនាស ព្រោះតែអំពើទុច្ចរិតរបស់ក្រុងនេះឡើយ»។
16. ប៉ុន្តែ ដោយលោកឡុតនៅបង្អែបង្អង់ ទេវតាក៏ចាប់ដៃគាត់ ប្រពន្ធគាត់ និងកូនស្រីគាត់ទាំងពីរ ទាញចេញទៅទុកឲ្យនៅខាងក្រៅទីក្រុង ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យគាត់បានរួចជីវិត។
17. ពេលនាំគាត់ចេញផុតពីក្រុងនោះ ទេវតាម្នាក់ពោលថា៖ «ចូររត់ឲ្យរួចជីវិតទៅ! កុំងាកមើលក្រោយ! កុំឈប់នៅតំបន់វាលរាបឲ្យសោះ! ចូររត់ទៅតំបន់ភ្នំ ដើម្បីឲ្យរួចអាយុជីវិត»។
18. លោកឡុតពោលទៅទេវតាវិញថា៖ «លោកម្ចាស់អើយ សូមមេត្តាស្ដាប់ពាក្យអង្វររបស់ខ្ញុំប្របាទផង!
19. សូមលោកម្ចាស់អធ្យាស្រ័យទៅចុះ ដ្បិតលោកម្ចាស់សម្តែងសប្បុរសធម៌យ៉ាងខ្លាំងចំពោះខ្ញុំប្របាទ ដោយទុកជីវិតខ្ញុំប្របាទឲ្យនៅរស់។ ប៉ុន្តែ ខ្ញុំប្របាទពុំអាចរត់ទៅតំបន់ភ្នំទាន់ទេ ព្រោះខ្ញុំប្របាទមុខជាជួបនឹងមហន្តរាយនេះ ហើយត្រូវស្លាប់មិនខាន។
20. សូមលោកម្ចាស់អធ្យាស្រ័យឲ្យខ្ញុំប្របាទផង មើល៍ មានក្រុងមួយនៅជិតនេះស្រាប់ ខ្ញុំប្របាទអាចរត់ទៅជ្រកកោនបាន ព្រោះក្រុងនេះតូចទេ! សូមមេត្តាឲ្យខ្ញុំប្របាទរត់ទៅជ្រកនៅក្រុងនោះ ដ្បិតក្រុងនោះពិតជាតូចមែន! ខ្ញុំប្របាទនឹងស្នាក់នៅទីនោះ ឲ្យបានរួចជីវិត»។
21. ទេវតាពោលទៅគាត់វិញថា៖ «ខ្ញុំយោគយល់ដល់លោកម្ដងទៀត ខ្ញុំមិនរំលាយក្រុងដែលលោកនិយាយនេះទេ។
22. ចូរប្រញាប់ប្រញាល់រត់ឲ្យដល់ក្រុងនោះចុះ ដ្បិតខ្ញុំមិនអាចធ្វើអ្វីមុនលោកទៅដល់ឡើយ»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះក្រុងនោះថា «សូអារ»។
23. ពេលលោកឡុតចូលទៅដល់ក្រុងសូអារ ព្រះអាទិត្យបានរះបំភ្លឺផែនដីហើយ។
24. ពេលនោះ ព្រះអម្ចាស់បានធ្វើឲ្យមានស្ពាន់ធ័រ និងមានភ្លើងបង្អុរចុះពីមេឃ គឺចុះមកពីព្រះអម្ចាស់ ធ្លាក់លើក្រុងសូដុម និងក្រុងកូម៉ូរ៉ា។
25. ព្រះអង្គបានរំលាយក្រុងទាំងនោះ តំបន់វាលរាបទាំងមូល និងអ្នកក្រុងទាំងប៉ុន្មាន ព្រមទាំងរុក្ខជាតិទាំងឡាយដែលដុះនៅលើដី ត្រូវវិនាសអន្តរាយអស់។
26. រីឯភរិយារបស់លោកឡុតវិញ គាត់បានងាកមើលក្រោយ គាត់ក៏ក្លាយទៅជារូបចម្លាក់អំបិល។
27. លុះព្រលឹមឡើង លោកអប្រាហាំទៅកន្លែងដែលលោកបាននៅជាមួយព្រះអម្ចាស់។
28. លោកសម្លឹងមើលទៅក្រុងសូដុម ក្រុងកូម៉ូរ៉ា និងតំបន់វាលរាបទាំងមូល ឃើញមានផ្សែងហុយឡើងពីដីមក ដូចជាផ្សែងដែលហុយចេញពីឡ។
29. នៅពេលព្រះជាម្ចាស់រំលាយក្រុងទាំងប៉ុន្មាន នៅតំបន់វាលរាបនោះ ព្រះអង្គបាននឹកគិតដល់លោកអប្រាហាំ គឺព្រះអង្គបានប្រោសលោកឡុតឲ្យរួចផុតពីមហន្តរាយ ក្នុងពេលព្រះអង្គរំលាយក្រុងដែលលោកឡុតរស់នៅនោះ។
30. លោកឡុតបានចាកចេញពីក្រុងសូអារជាមួយកូនស្រីទាំងពីរ ឡើងទៅរស់នៅតាមភ្នំ ដ្បិតគាត់មិនហ៊ាននៅក្នុងក្រុងសូអារនោះទេ។ គាត់ស្នាក់នៅតាមរូងភ្នំជាមួយកូនស្រីទាំងពីរ។