13. ដ្បិតយើងនឹងរំលាយក្រុងនេះចោល ពីព្រោះពាក្យចោទប្រកាន់ក្រុងនេះបានលាន់ឮជាខ្លាំង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ព្រះអម្ចាស់បានចាត់ពួកយើងឲ្យមករំលាយក្រុងនេះចោល»។
14. លោកឡុតក៏ចេញទៅប្រាប់កូនប្រសាប្រុសៗ ដែលបានរៀបការជាមួយកូនស្រីរបស់គាត់ថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីទីនេះទៅ ដ្បិតព្រះអម្ចាស់នឹងរំលាយទីក្រុងចោល!»។ ប៉ុន្តែ កូនប្រសារបស់គាត់យល់ឃើញថា គាត់គ្រាន់តែនិយាយលេងប៉ុណ្ណោះ។
15. ពេលភ្លឺស្រាងៗទេវតានាំគ្នាបង្ខំលោកឡុតថា៖ «ចូរក្រោកឡើង នាំប្រពន្ធ និងកូនស្រីទាំងពីររបស់លោកដែលនៅជាមួយចេញទៅ កុំឲ្យវិនាស ព្រោះតែអំពើទុច្ចរិតរបស់ក្រុងនេះឡើយ»។
16. ប៉ុន្តែ ដោយលោកឡុតនៅបង្អែបង្អង់ ទេវតាក៏ចាប់ដៃគាត់ ប្រពន្ធគាត់ និងកូនស្រីគាត់ទាំងពីរ ទាញចេញទៅទុកឲ្យនៅខាងក្រៅទីក្រុង ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យគាត់បានរួចជីវិត។
17. ពេលនាំគាត់ចេញផុតពីក្រុងនោះ ទេវតាម្នាក់ពោលថា៖ «ចូររត់ឲ្យរួចជីវិតទៅ! កុំងាកមើលក្រោយ! កុំឈប់នៅតំបន់វាលរាបឲ្យសោះ! ចូររត់ទៅតំបន់ភ្នំ ដើម្បីឲ្យរួចអាយុជីវិត»។
18. លោកឡុតពោលទៅទេវតាវិញថា៖ «លោកម្ចាស់អើយ សូមមេត្តាស្ដាប់ពាក្យអង្វររបស់ខ្ញុំប្របាទផង!