លោកុ‌ប្បត្តិ 19:1-10 Khmer Standard Version (KHSV)

1. នៅ​ពេល​ល្ងាច ទេវតា*​ទាំង​ពីរ​បាន​ទៅ​ដល់​ក្រុង​សូដុម។ លោក​ឡុត​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ ពេល​លោក​ឡុត​ឃើញ​ទេវតា​ទាំង​ពីរ គាត់​ក្រោក​ឡើង​ទៅ​ទទួល​ដោយ​ក្រាប​ចុះ អោន​មុខ​ដល់​ដី។

2. គាត់​ពោល​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ចូល​ផ្ទះ​ខ្ញុំ​ប្របាទ ជា​អ្នក​បម្រើ​របស់​លោក​សិន សូម​លោក​ម្ចាស់​លាង​ជើង ហើយ​ស្នាក់​នៅ​ទី​នេះ​មួយ​យប់ ចាំ​ស្អែក​សឹម​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​តាំង​ពី​ព្រលឹម»។ ទេវតា​តប​ថា៖ «ទេ យប់​នេះ យើង​សម្រាក​នៅ​តាម​ទីធ្លា​ក្រុង​ក៏​បាន»។

3. ប៉ុន្តែ ដោយ​លោក​ឡុត​ចេះ​តែ​ទទូច​អង្វរ​ខ្លាំង​ពេក ទេវតា​ទាំង​ពីរ​ក៏​ចូល​ទៅ​ផ្ទះ​គាត់។ គាត់​បាន​រៀបចំ​ម្ហូប​អាហារ និង​ឲ្យ​គេ​ដុត​នំប៉័ង​ឥត​មេ​ជូន​ទេវតា ទេវតា​ក៏​បរិភោគ។

4. ពេល​នោះ គេ​មិន​ទាន់​ចូល​ដំណេក​នៅ​ឡើយ​ទេ ស្រាប់​តែ​មាន​អ្នក​ក្រុង​នោះ គឺ​ប្រុសៗ​នៅ​ក្រុង​សូដុម​គ្រប់ៗ​គ្នា តាំង​ពី​ក្មេង​រហូត​ដល់​ចាស់ នាំ​គ្នា​ឡោម‌ព័ទ្ធ​ផ្ទះ​លោក​ឡុត។

5. គេ​ស្រែក​សួរ​លោក​ឡុត​ថា៖ «តើ​ពួក​អ្នក​ដែល​ចូល​មក​ផ្ទះ​អ្នក​ឯង​ពី​ល្ងាច‌មិញ​នៅ​ឯ​ណា? ចូរ​ឲ្យ​គេ​ចេញ​មក! យើង​នឹង​រួម​ដំណេក​ជា​មួយ​ពួក​គេ»។

6. លោក​ឡុត​ចេញ​មក​ជួប​ពួក​គេ​នៅ​មាត់​ទ្វារ ហើយ​បិទ​ទ្វារ​ពី​ក្រោយ​ខ្នង​វិញ។

7. គាត់​ពោល​ថា៖ «បង‌ប្អូន​អើយ សូម​មេត្តា​កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​អី!

8. ខ្ញុំ​សូម​អង្វរ​បង‌ប្អូន​ទៅ​ចុះ មើល៍ ខ្ញុំ​មាន​កូន​ស្រី​ពីរ​នាក់ ដែល​ពុំ​ទាន់​រួម​រស់​ជា​មួយ​បុរស​ណា​នៅ​ឡើយ​ទេ ខ្ញុំ​នឹង​នាំ​វា​ចេញ​មក​ជូន​បង‌ប្អូន​នៅ​ខាង​ក្រៅ ឲ្យ​បង‌ប្អូន​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​ទៅ​ចុះ ក៏​ប៉ុន្តែ សូម​មេត្តា​កុំ​ប៉ះ‌ពាល់​បុរស​ទាំង​នេះ ដែល​បាន​មក​ស្នាក់​នៅ​ក្រោម​ដំបូល​ផ្ទះ​ខ្ញុំ​ឡើយ»។

9. ពួក​គេ​តប​ថា៖ «ថយ​ទៅ!»។ គេ​ពោល​ទៀត​ថា៖ «មើល៍ ជន​បរទេស​ម្នាក់​នេះ​មក​នៅ​ស្រុក​យើង តែ​ឥឡូវ​បែរ​ជា​ចង់​ធ្វើ​ម្ចាស់​ស្រុក​ទៅ​វិញ! ទេ​មិន​បាន​ទេ យើង​នឹង​ធ្វើ​បាប​អ្នក​ឯង​ខ្លាំង​ជាង​ជន​ពីរ​នាក់​នោះ​ទៅ​ទៀត»។ ពួក​គេ​ក៏​ច្រាន​លោក​ឡុត​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​ចូល​ទៅ បម្រុង​នឹង​ទម្លាយ​ទ្វារ។

10. ពេល​នោះ ទេវតា​ទាំង​ពីរ​លូក​ដៃ​ទៅ​ទាញ​លោក​ឡុត​ចូល​មក​ក្នុង​ផ្ទះ រួច​បិទ​ទ្វារ​ជិត​វិញ។

លោកុ‌ប្បត្តិ 19