18. អប្រាហាំនឹងបានទៅជាឪពុករបស់ប្រជាជាតិមួយដ៏ធំ ហើយមានអំណាចយ៉ាងខ្លាំងទៀតផង ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីក៏នឹងទទួលពរតាមរយៈគាត់ដែរ
19. ដ្បិតយើងបានជ្រើសរើសគាត់ ដើម្បីណែនាំកូនប្រុសរបស់គាត់ និងកូនចៅដែលកើតមកតាមក្រោយ ឲ្យប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ ដោយប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌។ ដូច្នេះ ព្រះអម្ចាស់នឹងប្រោសប្រទានឲ្យអប្រាហាំ ស្របតាមសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលទុកអំពីគាត់»។
20. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពាក្យដែលគេចោទប្រកាន់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ធ្ងន់ធ្ងរណាស់ ហើយអ្នកក្រុងនោះក៏បានប្រព្រឹត្តអំពើបាបជាច្រើនដែរ។
21. យើងត្រូវតែចុះទៅមើល ដើម្បីឲ្យដឹងថា អំពើដែលគេប្រព្រឹត្តនោះ ពិតដូចពាក្យដែលលាន់ឮមកដល់យើងឬយ៉ាងណា។ បើពិត ឬមិនពិត យើងមុខជាដឹងមិនខាន»។
22. បុរសទាំងនោះចេញដំណើរឆ្ពោះទៅកាន់ក្រុងសូដុម។ រីឯលោកអប្រាហាំវិញ លោកឈរនៅជាមួយព្រះអម្ចាស់ដដែល។
23. លោកអប្រាហាំចូលទៅជិតព្រះអង្គ ហើយទូលថា៖ «តើព្រះអង្គនឹងធ្វើឲ្យមនុស្សសុចរិតបាត់បង់ជីវិត រួមជាមួយមនុស្សទុច្ចរិតមែនឬ?
24. ក្នុងក្រុងនោះប្រហែលជាមានមនុស្សសុចរិតហាសិបនាក់ដែរមើលទៅ។ តើព្រះអង្គពិតជារំលាយក្រុងនោះមែនឬ? តើព្រះអង្គមិនលើកលែងទោសឲ្យគេ ដោយយោគយល់ដល់មនុស្សសុចរិតដែលរស់នៅក្នុងក្រុងនោះទេឬ?
25. ព្រះអង្គធ្វើដូច្នេះមិនកើតទេ សូមកុំប្រហារជីវិតមនុស្សសុចរិតរួមជាមួយមនុស្សទុច្ចរិតឡើយ! បើមិនដូច្នោះទេ មនុស្សសុចរិតនឹងត្រូវបាត់បង់ជីវិតជាមួយមនុស្សទុច្ចរិតមិនខាន។ ព្រះអង្គធ្វើដូច្នេះមិនកើតទេ! ចៅក្រមនៃផែនដីទាំងមូលតោងតែវិនិច្ឆ័យទោស ដោយយុត្តិធម៌!»។
26. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមនុស្សសុចរិតហាសិបនាក់រស់នៅក្នុងក្រុងសូដុម យើងនឹងលើកលែងទោសឲ្យអ្នកក្រុងទាំងមូល ដោយយោគយល់ដល់មនុស្សសុចរិតទាំងនោះ»។
27. លោកអប្រាហាំទូលសាជាថ្មីថា៖ «ទូលបង្គំគ្រាន់តែជាធូលីដី និងជាផេះប៉ុណ្ណោះ សូមមេត្តាអភ័យទោសដល់ទូលបង្គំ ដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់បែបនេះ។