15. ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំទៀតថា៖ «រីឯសារ៉ាយជាភរិយារបស់អ្នកវិញ មិនត្រូវហៅនាងថា“សារ៉ាយ”ទៀតទេ គឺនាងនឹងមានឈ្មោះថា“សារ៉ា”វិញ។
16. យើងនឹងឲ្យពរនាង ហើយយើងនឹងឲ្យអ្នកមានកូនមួយតាមរយៈនាង។ យើងនឹងឲ្យពរនាង នាងនឹងបង្កើតប្រជាជាតិជាច្រើន ហើយក៏នឹងមានស្ដេចរបស់សាសន៍នានា កើតចេញពីនាងដែរ»។
17. លោកអប្រាហាំក្រាបចុះ អោនមុខដល់ដី លោកអស់សំណើច ហើយនឹកក្នុងចិត្តថា «តើមនុស្សអាយុមួយរយឆ្នាំដូចខ្ញុំនេះអាចមានកូនទៅកើតឬ? រីឯសារ៉ាដែលមានអាយុកៅសិបឆ្នាំហើយ តើនៅតែអាចសម្រាលកូនបានឬ?»។
18. លោកអប្រាហាំទូលព្រះជាម្ចាស់ថា៖ «បើព្រះអង្គទុកឲ្យអ៊ីស្មាអែលមានជីវិតរស់នោះ ក៏គ្រប់គ្រាន់ហើយ!»។
19. ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ទេ គឺសារ៉ាជាភរិយារបស់អ្នកនឹងបង្កើតកូនប្រុសមួយឲ្យអ្នកមែន! អ្នកត្រូវដាក់ឈ្មោះកូននោះថា “អ៊ីសាក”។ យើងនឹងចងសម្ពន្ធមេត្រីជាមួយកូននោះ និងពូជពង្សដែលកើតមកតាមក្រោយ ជាសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរជាដរាបតទៅ។
20. ចំពោះអ៊ីស្មាអែលវិញ យើងបានឮពាក្យរបស់អ្នកហើយ យើងនឹងឲ្យពរវា យើងនឹងធ្វើឲ្យវាមានកូនចៅជាច្រើន ហើយធ្វើឲ្យពូជពង្សវាកើនចំនួនយ៉ាងច្រើនអនេក។ ស្ដេចដប់ពីរអង្គនឹងកើតចេញពីវា ហើយយើងក៏នឹងធ្វើឲ្យមានប្រជាជាតិមួយដ៏ធំកើតចេញពីវាដែរ។
21. ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ៊ីសាក គឺកូនដែលសារ៉ានឹងបង្កើតឲ្យអ្នក នៅឆ្នាំក្រោយក្នុងខែនេះ»។
22. បន្ទាប់ពីព្រះជាម្ចាស់មានព្រះបន្ទូលចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញពីលោកអប្រាហាំឡើងទៅ។
23. នៅថ្ងៃដដែលនោះ លោកអប្រាហាំបាននាំអ៊ីស្មាអែលជាកូន និងអស់អ្នកដែលកើតនៅក្នុងផ្ទះរបស់លោក ព្រមទាំងអស់អ្នកដែលលោកបានទិញមកធ្វើជាខ្ញុំបម្រើ គឺប្រុសៗទាំងអស់ដែលនៅក្នុងផ្ទះរបស់លោក មកធ្វើពិធីកាត់ស្បែក*ឲ្យ ស្របតាមព្រះបន្ទូលដែលព្រះជាម្ចាស់បង្គាប់ដល់លោក។