1. នៅពេលលោកអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះអម្ចាស់យាងមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលមកលោកថា៖ «យើងជាព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ចូរអ្នករស់នៅក្នុងមាគ៌ារបស់យើងឲ្យបានល្អឥតខ្ចោះចុះ។
2. យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនជាអនេក»។
3. លោកអាប់រ៉ាមក្រាបចុះអោនមុខដល់ដី ហើយព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា៖
4. «ចំណែកយើង យើងចងសម្ពន្ធមេត្រីជាមួយអ្នកដូចតទៅ: អ្នកនឹងបានទៅជាឪពុករបស់ប្រជាជាតិដ៏ច្រើន
5. គេលែងហៅអ្នកថា“អាប់រ៉ាម”ទៀតហើយ តែអ្នកនឹងមានឈ្មោះថា“អប្រាហាំ”វិញ ដ្បិតយើងនឹងធ្វើឲ្យអ្នកបានទៅជាឪពុករបស់ប្រជាជាតិដ៏ច្រើន។
6. យើងនឹងធ្វើឲ្យអ្នកមានកូនចៅច្រើនជាអនេក យើងនឹងធ្វើឲ្យអ្នកបង្កើតប្រជាជាតិជាច្រើន ហើយនឹងមានស្ដេចជាច្រើនកើតចេញពីអ្នកដែរ។
7. យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នក ដែលកើតមកតាមក្រោយគ្រប់តំណតទៅ។ សម្ពន្ធមេត្រីនេះនឹងនៅស្ថិតស្ថេរជាដរាប គឺយើងនឹងធ្វើជាព្រះរបស់អ្នក ហើយជាព្រះរបស់ពូជពង្សអ្នកដែលកើតមកតាមក្រោយដែរ។
8. យើងនឹងប្រគល់ស្រុកដែលអ្នកមកស្នាក់នៅនេះ គឺស្រុកកាណានទាំងមូលឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយទុកជាកេរមត៌ករហូតតទៅ ហើយយើងនឹងធ្វើជាព្រះរបស់ពូជពង្សអ្នក»។
9. ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំថា៖ «ចំណែកឯអ្នកវិញ អ្នកត្រូវគោរពសម្ពន្ធមេត្រីរបស់យើង គឺទាំងអ្នក ទាំងពូជពង្សរបស់អ្នកដែលនឹងកើតមកតាមក្រោយត្រូវគោរពតាមគ្រប់តំណតទៅ។
10. អ្នករាល់គ្នាត្រូវគោរពសម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយពូជពង្សរបស់អ្នកដែលនឹងកើតមកតាមក្រោយ ដូចតទៅនេះ គឺត្រូវកាត់ស្បែក*ឲ្យប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា។
11. អ្នករាល់គ្នាកាត់ស្បែកជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា។
12. នៅពេលកើតបានប្រាំបីថ្ងៃ ប្រុសៗទាំងអស់ គ្រប់តំណតទៅ ទោះបីកើតនៅក្នុងគ្រួសាររបស់អ្នកក្ដី ឬក៏ទិញមកពីអ្នកដទៃដែលមិនមែនជាពូជពង្សរបស់អ្នកក្ដី ត្រូវតែទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា។
13. គេត្រូវកាត់ស្បែកឲ្យប្រុសៗ ដែលកើតនៅក្នុងគ្រួសាររបស់អ្នក និងប្រុសៗដែលអ្នកទិញមកដោយប្រាក់ ទុកជាសញ្ញាសម្គាល់លើរូបកាយរបស់អ្នករាល់គ្នា ដើម្បីបញ្ជាក់អំពីសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរជាដរាប។
14. រីឯបុរសណាដែលគ្មានសញ្ញាសម្គាល់កាត់ស្បែកនៅលើរូបកាយទេ ត្រូវកាត់កាល់បុរសនោះឲ្យដាច់ចេញពីចំណោមប្រជាជនរបស់ខ្លួន ព្រោះអ្នកនោះបានផ្ដាច់សម្ពន្ធមេត្រីរបស់យើងហើយ»។
15. ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំទៀតថា៖ «រីឯសារ៉ាយជាភរិយារបស់អ្នកវិញ មិនត្រូវហៅនាងថា“សារ៉ាយ”ទៀតទេ គឺនាងនឹងមានឈ្មោះថា“សារ៉ា”វិញ។
16. យើងនឹងឲ្យពរនាង ហើយយើងនឹងឲ្យអ្នកមានកូនមួយតាមរយៈនាង។ យើងនឹងឲ្យពរនាង នាងនឹងបង្កើតប្រជាជាតិជាច្រើន ហើយក៏នឹងមានស្ដេចរបស់សាសន៍នានា កើតចេញពីនាងដែរ»។