1. ក្រោយហេតុការណ៍ទាំងនោះមក លោកអាប់រ៉ាមនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «អាប់រ៉ាមអើយ កុំខ្លាចអ្វីឡើយ! យើងនឹងធ្វើជាខែលការពារអ្នក អ្នកនឹងទទួលរង្វាន់យ៉ាងធំ»។
2. លោកអាប់រ៉ាមទូលតបវិញថា៖ «បពិត្រព្រះជាអម្ចាស់ ព្រះអង្គប្រទានអ្វីមកទូលបង្គំក៏ឥតប្រយោជន៍ដែរ ព្រោះទូលបង្គំនឹងលាចាកលោកនេះទៅទាំងគ្មានកូន។ រីឯអ្នកដែលនឹងទទួលកេរមត៌ករបស់ទូលបង្គំ គឺអេលាស៊ើរជាអ្នកក្រុងដាម៉ាស់ឯណោះវិញ»។
3. លោកមានប្រសាសន៍ទៀតថា៖ «ព្រះអង្គពុំបានប្រទានឲ្យទូលបង្គំមានកូនបន្តពូជសោះ គឺមានតែអ្នកបម្រើក្នុងក្រុមគ្រួសាររបស់ទូលបង្គំប៉ុណ្ណោះ ដែលនឹងទទួលកេរមត៌កតពីទូលបង្គំ»។
4. ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «មិនមែនអ្នកបម្រើទេ គឺកូនដែលនឹងកើតចេញពីអ្នកវិញឯណោះ ជាអ្នកទទួលមត៌ក»។
5. ព្រះអង្គនាំលោកចេញទៅក្រៅ ហើយមានព្រះបន្ទូលថា៖ «ចូរងើយមើលទៅលើមេឃ ហើយរាប់ចំនួនផ្កាយមើល៍ តើអ្នកអាចរាប់អស់ទេ?»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ពូជពង្សរបស់អ្នកក៏នឹងមានចំនួនច្រើន ដូចផ្កាយទាំងនោះដែរ»។
6. លោកអាប់រ៉ាមជឿលើព្រះអម្ចាស់ ហើយដោយយល់ដល់ជំនឿនេះ ព្រះអង្គប្រោសលោកឲ្យបានសុចរិត*។
7. ព្រះអង្គមានព្រះបន្ទូលមកលោកទៀតថា៖ «យើងជាព្រះអម្ចាស់ដែលបាននាំអ្នកចេញពីក្រុងអ៊ើរនៅស្រុកខាល់ដេមក ដើម្បីប្រគល់ស្រុកនេះឲ្យអ្នកទុកជាសម្បត្តិ»។
8. លោកអាប់រ៉ាមទូលព្រះអង្គវិញថា៖ «បពិត្រព្រះជាអម្ចាស់ តើធ្វើម្ដេចឲ្យដឹងថា ទូលបង្គំនឹងទទួលស្រុកនេះ?»